បណ្ឌិតមួយរូបលើកឡើងថា រឿងមិនល្អ ឬរឿងឈ្លោះគ្នាបង្ហោះលើហ្វេសប៊ុកជំរុញឲ្យបញ្ហាកាន់តែធំ
រាជធានីភ្នំពេញ ៖ បច្ចុប្បន្នការលេងក៏ដូចជា ប្រើបណ្តាញសង្គមនានាបានពេញនិយមសម្រាប់មនុស្សគ្រប់រូប និងគ្រប់វ័យ ជាពិសេសបណ្តាញសង្គមមួយចំនួនដូចជា facebook instagram និង Tik Tok ជាដើមបានពេញនិយមសម្រាប់យុវវ័យ តារា និងបានពេញនិយមក្នុងតំបន់ឬទ្វីបមួយចំនួនផងដែរ ។
ដោយឡែកក្នុងប្រទេសមួយចំនួនក្នុងទ្វីបអាស៊ីហាក់ពេញនិយមខ្លាំង ទៅលើបណ្តាញសង្គម Facebook ខណៈដែលប្រទេសខ្លះពេញនិយម twitter Youtube ជាដើម ។ មនុស្សជាច្រើនបានជ្រើសរើសបណ្តាញសង្គមលេងទៅតាមការពេញចិត្តរបស់គេ ក្នុងខណៈនេះយើងលើកយកការលេងក្នុងបណ្តាញខ្លះៗ ដើម្បីមកស្រាយ និងការលេងបែបណា មិនប៉ះពាល់កិត្តិយសខ្លួនឯង និងអ្នកដទៃ ។
អ្នកជំនាញម្នាក់បានលើកឡើង អំពីការប្រើប្រាស់បណ្តាញសង្គម ដែលធ្វើឱ្យប្រយោជន៍ ជាពិសេសយុវជនសព្វថ្ងៃហាក់មានសន្ទុះខ្លាំងក្លា ក្នុងលេងបណ្តាញសង្គម facebook ។ អ្នកមិនដឹងពីអត្ថប្រយោជន៍របស់វាអ្នកខ្លះទៀតលេង និងសម្រាប់តែការចង់ដឹងចង់លឺព័ត៌មាននានា ក្នុងប្រទេសនីមួយៗ ។ លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយរង ក្រុមហ៊ុនម៉ុងប្ញទ្ធីគ្រុបបាននិយាយថា លោកគិតថា បណ្តាញសង្គមវាលឿន ហើយលោកក៏ធ្លាប់មានបទពិសោធន៍ ឬកំហុសខ្លះៗក្នុងការលែងក្នុងបណ្តាញសង្គម Facebook ។
លោកបណ្ឌិត បាននិយាយថា «កាលនោះខ្ញុំទើបតែលេងវាថ្មីថ្មោង មិនដឹងថាអ្វី ផុស អ្វីឡាច ឬស៊ែរ ហើយក៏មិនដឹងថាពេលខ្លះ ផុសទៅក៏មានការប៉ះពាល់អ្នកផ្សេង។ គឺមានន័យថា យើងចូលចិត្តតែលេងឱ្យតែបានៗ ឬផុតតែពីដៃ។ ចឹងមកដល់ពេលនេះ ខ្ញុំអាចយល់បានច្រើនអំពី ផលវិជ្ជមាននិងអវិជ្ជមានរបស់បណ្តាញសង្គម facebook ។ លោកបណ្ឌិតអគ្គនាយករងរូបនេះ បានលើកយក ផលវិជ្ជមានដូចនេះថា «យើងអាចនិយាយបានថា ប្រសិនជាមិត្តភ័ក្ត ឬសាច់ញាតិ ដែលបានបែកគ្នាយូរហើយនោះ ចឹងក្នុងបណ្តាញសង្គមនេះ ពួកគាត់អាចរកគ្នាឃើញ។ ហើយមួយវិញទៀត យើងអាចស្គាល់ កន្លែងស្អាតៗ កន្លែងដើរលេងបានច្រើន និងសុភាសិតមួយចំនួន និងព័ត៌មានទាន់ហេតុការណ៍អីជាដើម»។ បែរអារម្មណ៍មកស្តាប់ការបកស្រាយរបស់លោកលើ ផលអវិជ្ជមានវិញម្តង លោកថា «អ្នកដែលបង្កើត គណនេយ្យប្រើប្រាស់ មិនដាក់រូប ឬឈ្មោះពិតប្រាកដរបស់ខ្លួនឯង ប្រសិនបើយើងជា មនុស្សមិនមានអ្វីធ្វើខុស យើងមិនគួរលេង គណនេយ្យ ក្លែងក្លាយនោះទេ ហើយផលពិបាក គឺពេលដែលគេបន្លំយកមកកាន់កាប់ ហើយទៅធ្វើរឿងអ្វីមួយមិនល្អនោះ វានឹងមានរឿងកាន់តែច្រើន ពាក់ព័ន្ធជាមួយយើង»។ លោកបានបន្ថែមថា «មួយវិញទៀត នៅពេលយើងមិនពេញចិត្ត មិនសប្បាយចិត្ត ជាមួយនរណាម្នាក់ ឈ្លោះគ្នាជាមិត្តភ័ក្តឬក្រុមគ្រួសារ ឬទៅនឹងរឿងអ្វីមួយ ហើយយករឿងទាំងនោះមកផុស មកសរសេរលើបណ្តាញសង្គមនឹង។ ទាំងនេះមិនបានជួយឱ្យយើងបានធូរស្បើយនោះទេ ប៉ុន្តែវាធ្វើឱ្យទំនាស់អ្វីមួយនោះ កាន់តែធំឡើង មើលមុខគ្នាមិនចំ ទាំងនេះមិនចំណេញប៉ុន្មាននោះទេ។ ជួនកាលនឹង យើងមិនមានចិត្តថាឱ្យម្នាក់នឹងទេ តែគេមើលឃើញហើយ គេលើកដាក់លលើគេខ្លួនឯង ចឹងគេមិនបានមកសួរនាំទេ គេខឹងយើងយកតែម្តង។
ម្យ៉ាងវិញទៀត អ្នកខំមិន ភាគច្រើនពួកគាត់មិនសូវដឹងរឿងទេ ហើយគាត់ចូលចិត្តទៅធ្វើជាចៅក្រម ធ្វើជាអ្នកគាំទ្រ។ ជួនកាលទៅ គាត់មិនបានដឹងរឿងផង គាត់ចូលមក គាំទ្រ នេះដែលប៉ះពាល់ ដោយប្រយោល និងមិនប្រយោល ទៅលើផ្លូវអារម្មណ៍នរណាគេម្នាក់»។ «ខ្ញុំសូមសំណូមពរដែរ ចំពោះអ្នកខំមិន កុំខំមិន ឬស៊ែរទៅលើកិច្ចការងារណាដែលយើងមិនបានដឹងច្បាស់លាស់។ យើងម្នាក់ៗគួរយល់ដឹង និងគិតឱ្យបានត្រឹមត្រូវមុនធ្វើការផុស គិតថាបើយើងផុស តើយើងចំណេញអ្វីខ្លះ មានការខាតបង់អ្វីខ្លះ និងនាំទុក្ខដល់យើងអ្វីខ្លះ។ ខ្ញុំលើកឧទាហរណ៍មួយក្នុងសម័យកូវីដ១៩នេះ គ្រាន់តែឃើញគេដើរៗហើយដួលសន្លប់ យើងថតហើយថា គាត់មានជំងឺកូវីដ នេះហើយដែលធ្វើឱ្យសមត្ថកិច្ចពិបាកទប់ទល់ព័ត៌មានមិនពិតមួយចំនួន ដែលវាអាចបង្ករឱ្យមានភាពភ័ន្តប្រលំ និងចលាចលក្នុងសង្គម ចឹងបានប្រទេសខ្លះបិទ បណ្តាញសង្គមខ្លះៗចោល»។
លោកបណ្ឌិត បាន បន្ថែមថា ការផុសខ្លះបានធ្វើឱ្យអ្នកខ្លះ បាត់បង់ការងារធ្វើ ឬមិនមានអ្នកទទួលឱ្យធ្វើការជាដើម។ ដូចនេះ បងប្អូននិស្សិតគួរយល់ដឹងថា ម៉ោងនេះ ប្រវត្តិរូបប្អូននៅលើដៃសាធារណៈ ទាំងអារម្មណ៍ ចំណេះដឹងផ្សេងៗ និងប្រវត្តិរូបរបស់ប្អូន ត្រូវបានដាក់នៅក្នុងស្មាតហ្វូន និងបណ្តាញសង្គមទាំងនេះ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព