យោងតាមតួលេខពីសាកលវិទ្យាល័យចនស៍ហបគីនស៍ (Johns Hopkins) បានបង្ហាញថា ពិភពលោកបានឈានដល់ដំណាក់កាលគួរឱ្យព្រួយបារម្ភនៃករណីឆ្លងជំងឺកូវីដ១៩ ចំនួន ២០លាននាក់ ហើយមានករណីបាត់បង់ជីវិតកំពុងឈានដល់ជិត ៧៥០០០០នាក់នៅទូទាំងពិភពលោក។
ចំនួនករណីបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីករណីដំបូងត្រូវបានគេរាយការណ៍នៅក្នុងប្រទេសចិន កាលពីខែធ្នូ។ គ្រាន់តែរយៈពេលបីខែក្រោយមក ពិភពលោកបានកត់ត្រាករណីចំនួន១លានករណី គឺថ្ងៃទី២ ខែមេសា។ ចំនួនសរុបបានកើនឡើងដល់ ១០លានករណី នៅតិចជាង៣ខែបន្ទាប់ នៅថ្ងៃទី២៨ ខែមិថុនា ហើយត្រឹមតែរយៈពេល៦សប្តាហ៍ក៏បានឡើងទ្វេដង។
ជាមធ្យមរយៈពេល៧ថ្ងៃសម្រាប់ករណីថ្មីប្រចាំថ្ងៃ គឺលើសពីមួយភាគបួននៃមួយលានក្នុងរយៈពេលពីរសប្តាហ៍។ ការកើនឡើងនេះ គឺបានមកភាគច្រើនពីផ្នែកមួយនៃតំបន់អាមេរិកឡាទីន និងតំបន់ការីបៀន រួមទាំងនៅអាស៊ីផងដែរ។ អត្រាមរណភាពនៅតែខ្ពស់បំផុតនៅតំបន់ទាំងនេះ។
ប្រទេសប្រេស៊ីល បានកត់ត្រាករណីឆ្លងសរុបជាង ៣លានករណី និងមានមនុស្សបាត់បង់ជីវិត ១០០,០០០នាក់ ដែលជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាប្រទេសរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយមានជាង ៥លានករណី និងមនុស្សបានបាត់បង់ជីវិត ១៦០,០០០នាក់។
ប្រទេសឥណ្ឌា មានចំនួនករណីខ្ពស់បំផុតទី៣ ដែលមានជាង ២លានករណីឆ្លង។ ប្រទេសនេះកំពុងពុះពារ ដើម្បីទប់ទល់នឹងការផ្ទុះឡើងយ៉ាងឆាប់រហ័ស ដោយអ្នកជំងឺធ្ងន់ធ្ងរជាច្រើនមិនត្រូវបានទទួលការព្យាបាលក្នុងមន្ទីរពេទ្យ ក៏ព្រោះតែខ្វះគ្រែ បុគ្គលិកមើលថែ និង ឧបករណ៍៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព