សុខភាព៖ ជំងឺឬសដដូងបាត គឺជាបណ្ដុំសរសៃឈាមធម្មតានៅរន្ធបាតរបស់មនុស្ស ដែលជាធម្មតាវាមានបីដុំ គឺ ផ្នែកខាងស្តាំខាងមុខ ផ្នែកកខាងស្តាំខាងក្រោយ និងផ្នែកខាងឆ្វេងនៃរង្វង់រន្ធគូទ។ ទោះបីជាជំងឺនេះ មិនបានប៉ះពាល់អាយុជីវិតក៏ពិតមែន ប៉ុន្តែវាបានរំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នកយ៉ាងខ្លាំង ដូចជា មានរមាស់ក្រហាយ ការរីកលៀនសរសៃឈាម ការបត់ជើងធំមានឈាម ជួនកាលឈឺចាប់នៅរន្ធបាត ។
នៅក្នុងវិស័យវេជ្ជសាស្រ្ត ជំងឺឬសដូងបាត ត្រូវបានបែងចែកជាពីរប្រភេទគឺ ជំងឺឬសដូងបាតក្នុង និងជំងឺឬសដូងបាតខាងក្រៅ។
ជំងឺឬសដូងបាតខាងក្នុង គឺមានទីតាំងនៅក្នុងរន្ធគូថ ជាទូទៅយើងមិនអាចមើលឃើញវានោះទេ ហើយជាធម្មតា វាមិនមានការឈឺ និងបង្កជាការហូរឈាម ក្នុងពេលបត់ជើងធំឡើយ។ ជំងឺឬសដូងបាតខាងក្នុងបែបនេះ អាចលៀន ឬព្រលាត់ចេញទៅក្រៅរន្ធគូថបាន។
វាមានអាការៈមួយចំនួនដូចជា៖
- ការហូរឈាមនៅពេលកំពុងបន្ទោបង់ និងក្រោយពេលបន្ទោបង់ភ្លាមៗ
- មានសាច់លៀនចេញមកនៅពេលប្រឹងបន្ទោបង់
- មានកំណកឈាមកកនៅឫសដូងខាងក្នុង ដែលធ្វើឱ្យអ្នកជំងឺមានការឈឺចាប់ខ្លាំង។
ចំណែកជំងឺឬសដូងបាតខាងក្រៅ មានទីតាំងនៅខាងក្រោមស្បែកជុំវិញរន្ធគូថ ដែលយើងអាចប៉ះវាបាននៅពេលវារីកធំ ព្រមទាំងអាចបណ្តាលឱ្យរមាស់ ឈឺនៅពេលបត់ជើង ព្រមទាំងហូរឈាមផងដែរ។ វាកើតឡើងបាន នៅពេលដែលកំណកឈាមក្នុងសរសៃឈាមវ៉ែននោះទៅជាកក និងបណ្តាលឱ្យឈឺចាប់ខ្លាំង។
ភាគច្រើន វាកើតមានភ្លាមៗ ដោយការឈឺគូទភ្លាមៗ និងមានដុំប៉ោងនៅរន្ធគូទរយៈពេលពី ៣ថ្ងៃ រឺពីរបីសប្តាហ៍ ដោយសារមានដុំកំណកឈាម នៅក្នុងឫសដូងខាងក្រៅ។ វាអាចធ្វើទុក្ខលាប់ចុះឡើងច្រើនលើកច្រើនសារក៏មាន។
បញ្ហានេះជាទូទៅ វាធូរស្រាលទៅវិញដោយឯកឯង ដោយមិនចាំបាច់ធ្វើការព្យាបាលនោះទេ។ ការព្យាបាលដោយថ្នាំ និងការព្យាបាលដោយចោះយកឈាមកកចេញ គឺធ្វើក្នុងគោលបំណងកាត់បន្ថយរយៈពេលវិវត្តរបស់វា។ ចំណែកឯការព្យាបាលដោយការវះកាត់ គឺធ្វើឡើងក្នុងគោលបំណងយកឫសដូងបាតចេញឱ្យអស់ និងលែងឱ្យមានការធ្វើទុក្ខបែបនេះទៀត៕