ប្រិយមិត្តប្រាកដជាស្គាល់មកហើយកីឡាករ Kostas Tsimikas ជឿជាក់ថាខ្លួនបានចូលរួមជាមួយក្លិបធំជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីសម្រេចការផ្ទេរជាផ្លូវការ ជាមួយក្លិបហង្សក្រហម Liverpool។
យ៉ាងណាមិញអតីតខ្សែការពារឆ្វេងរបស់ក្រុម Olympiacos វ័យ ២៤ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមម្ចាស់ជើងឯក Premier League ក្នុងតម្លៃប្រមាណ ១១,៧លានផោនជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំ ដោយនឹងត្រូវពាក់លេខ២១ សម្រាប់ក្រុមថ្មី។
គួរអោយដឹងផងដែរថាTsimikas បានថ្លែងពីចំណាប់អារម្មណ៍យ៉ាងដូច្នេះថា «ខ្ញុំពិតជារីករាយណាស់។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានមកដល់ទីនេះ។ ហើយខ្ញុំនឹងផ្តល់នូវអ្វីដែលល្អបំផុតជូនចំពោះក្រុមមួយនេះ។ សម្រាប់ខ្ញុំ Liverpool គឺជាក្លិបធំបំផុតនៅលើពិភពលោក»។អំឡុងពេលប្រកបអាជីពជាមួយក្រុមនៅលីគកំពូលក្រិកមួយនេះ រូបគេត្រូវបាន Olympiacos ឱ្យទៅក្លិប Esbjerg និង Willem II ខ្ចីជើងថែមទៀតផង៕ អត្ថបទដោយ៖ ត្នោត