កាលពីថ្ងៃសុក្រ ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួនម្នាក់ដែលត្រូវគេបញ្ជាក់ថាជាអ្នកវិលត្រឡប់មកពីប្រទេសគុយវ៉ែតបានធ្វើតេស្តវិជ្ជមានមុនពេលចាកចេញពីមជ្ឈមណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក និងមិនមានអ្នកស្លាប់ថ្មីឡើយ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា អ្នកជំងឺចុងក្រោយគឺជាបុរសអាយុ៤៥ឆ្នាំ ធ្វើការក្នុងរោងចក្រមួយនៅប្រទេសគុយវ៉ែត។ គាត់បានមកដល់ប្រទេសថៃនៅថ្ងៃទី២៤ ខែឧសភា ហើយត្រូវបានគេនាំទៅកន្លែងដាក់ឱ្យនៅដាច់ដោយឡែកមួយនៅទីក្រុងបាងកក។ ការធ្វើតេស្តលើកទី១ នៅថ្ងៃទី២៦ ឧសភា គឺលទ្ធផលអវិជ្ជមាន ប៉ុន្តែការធ្វើតេស្តលើកទី២ នៅថ្ងៃពុធ មុនពេលដែលគាត់ត្រូវបានអនុញ្ញាតឱ្យចាកចេញលទ្ធផលក៏បង្ហាញនូវភាពវិជ្ជមាន។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមួយនៅទីក្រុងបាងកក។ លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថា ក្រុមអ្នកដែលមកពីបរទេសត្រូវធ្វើតេស្តរកមេរោគចំនួន២ដង។ ទី១ គឺ៣ទៅ៥ថ្ងៃ បន្ទាប់ពីត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងលើកទី២ មុនពេលពួកគេចាកចេញពីកន្លែងដាក់ឱ្យនៅដាច់ដោយឡែក ។
រូបតំណាង
ករណីអ្នកឆ្លងសរុបក្នុងប្រទេសមានចំនួន៣១០២នាក់ បច្ចុប្បន្នមានអ្នកជំងឺ៧៣នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ រីឯចំនួនអ្នកស្លាប់មិនមានការផ្លាស់ប្តូរទេគឺនៅរក្សាចំនួន៥៨នាក់ដដែល។ ចំនួនអ្នកឆ្លងនៅលើពិភពលោកបានកើនដល់ ៦.៦៩លាននាក់ និងមានអ្នកស្លាប់ចំនួន៣៩៣ ១៤២នាក់។ សហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងច្រើនជាងគេគឺ ១.៩២លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១១០១៧៣នាក់។
បច្ចុប្បន្នប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី២ ដែលមានចំនួនអ្នកឆ្លងដល់ទៅ ៦១៥៨៧០នាក់ និងចំនួនអ្នកស្លាប់ ៣៤០៣៩នាក់។ លោកវេជ្ជបណ្ឌិត Taweesilp បានមានប្រសាសន៍ថា ចំនួនអ្នកឆ្លងថ្មីនៅទូទាំងពិភពលោកគឺខ្ពស់ណាស់ហើយប្រេស៊ីលមានករណីថ្មីច្រើនជាងសហរដ្ឋអាមេរិក៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post