ភ្នំពេញ៖ ប្រភេទសត្វកម្រនៅកម្ពុជា បានងាប់ជាបន្តបន្ទាប់ដោយសារជាប់អន្ទាក់ និងថ្នាំបំពុល។ ក្នុងចំណោមសត្វកម្រទាំងនោះ គេសង្កេតឃើញថា មានសត្វទន្សោង៥ក្បាល ខ្ទីង១ក្បាល និង ត្រយ៉ងយក្ស៣ក្បាល បានងាប់នៅទីតាំងផ្សេងៗពីគ្នា។
ព័ត៌មានក្នុងស្រុកបានផ្សាយថា សត្វទន្សោងឈ្មោល ១ ក្បាលបានងាប់ ដោយសាររបួសធ្ងន់ពីការជាប់អន្ទាក់ព្រានព្រៃនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យកាលថ្ងៃទី ២៤ ឧសភា ខណៈសត្វខ្ទីង ១ ក្បាលត្រូវបានគេប្រទះឃើញងាប់ក្នុងដែនជម្រកសត្វព្រៃព្រះរកាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឲ្យដឹងក្នុងពេលថ្មីៗនេះថា គិតពីដើមឆ្នាំ ២០២០ មកទល់នឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០ នេះ សត្វទន្សោង ៤ ក្បាលត្រូវបានរកឃើញងាប់ ១ក្បាលនៅក្នុងខេត្តកំពង់ស្ពឺងាប់ ដោយសារជាប់អន្ទាក់ និង២ ក្បាលទៀតត្រូវបានរកឃើញថាបាញ់ងាប់ នៅក្នុងខេត្តមណ្ឌលគិរី និង សត្វទន្សោងមួយក្បាលផ្សេងទៀតបានងាប់ ដោយសារតែជាប់អន្ទាក់របស់ព្រាន ព្រៃ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។មួយករណីទៀត ដែលទើបបានរកឃើញ គឺកូនសត្វទន្សោងញីមួយក្បាលដែលមានអាយុប្រមាណទើប ៣ ខែទៅ ៤ ខែត្រូវបាន មន្ត្រីឧទ្យានុរក្សរកឃើញថា ស្លាប់កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងតំបន់ស្នូល នៃដែនជម្រកសត្វព្រៃលំផាត់ក្នុងស្ថិតក្នុង ភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ក្រៅពីទន្សោង សត្វត្រយ៉ងយក្សចំនួន ៣ក្បាល ត្រូវបានបំពុលងាប់ ក្នុងដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ ត្រូវបានប្រទះឃើញកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ WCS កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ ដោយ៖ ប៊ុនធឿន