ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin បានថ្លែង កាលពីថ្ងៃទី៤ ខែមិថុនា ថា ទីក្រុងមូស្គូបានចំណាយថវិការសរុប រហូតដល់ ២៥០ពាន់លានរូពី (Rubles) ឬស្មើនឹង៣,១ពាន់លានដុល្លារអាមេរិក សម្រាប់ ការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ហើយទីក្រុងនេះ បានខាតបង់ប្រាក់ចំណូលទ្វេដង ដោយសារតែឥទ្ធិពល នៃមេរោគកំណាចនេះ។
បើតាមសារព័ត៌មានមូស្គូថែមស៍ បានផ្សាយ កាលពីថ្ងៃទី៤ ខែមិថុនា ថា ទីក្រុងមូស្គូ ជាកន្លែងរាតត្បាតវីរុសកូរ៉ូណា ឬកូវីដ១៩ខ្លាំងជាងគេបំផុត នៅក្នុងប្រទេសរុស្ស៊ី។ ទីក្រុងមូស្គូ មានអ្នកឆ្លង ជាង៤០ភាគរយ នៃចំនួនអ្នកឆ្លងសរុប ៤៤១ ១០៨នាក់ នៅទូទាំងប្រទេសមហាអំណាចនុយក្លេអ៊ែរមួយនេះ។
ប្រភពព័ត៌មានដដែល បានបន្ដថា អាជ្ញាធរទីក្រុងមូស្គូ នឹងអនុញ្ញាតឲ្យហាងលក់ដូរ បើកដំណើរការអាជីវកម្មឡើងវិញ។ រីឯអ្នករស់នៅទីក្រុងនេះ ក៏នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីផ្ទះ សម្រាប់ការដើរកម្សាន្ដ រយ:ពេលខ្លី ចាប់ពីថ្ងៃទី៩ ខែមិថុនា ក្រោយការអនុវត្ដច្បាប់បិទប្រទេស រយ:ពេល៩សប្ដាហ៍កន្លងមក។ វិធានការបិទប្រទេសនេះ ត្រូវបានចៅហ្វាយក្រុងមូស្គូ អាចនឹងពន្យារ រហូតដល់ថ្ងៃទី១៤ ខែមិថុនា។ ការបិទប្រទេស សម្រាប់ទប់ស្កាត់នឹងកូវីដ១៩នេះ បានធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ទីក្រុងមូស្គូ ក៏ដូចជា ប្រទេសរុស្ស៊ីទាំងមូល ដោយរួមបញ្ចូលទាំងការធ្លាក់ចុះតម្លៃប្រេងយ៉ាងខ្លាំងផងដែរ។
ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tass គ្រប់គ្រងដោយរដ្ឋ ថា បើតាមការប៉ាន់ប្រមាណជាបឋម ទីក្រុងនេះបានចំណាយ និងបន្ដចំណាយ រហូតដល់២៥០ពាន់លានរូពី (Rubles) ឬស្មើនឹង៣,១ពាន់លានដុល្លារអាមេរិក សម្រាប់បញ្ហានានា ពាក់ព័ន្ធនឹងកូវីដ១៩។ រីឯប្រាក់ចំណូលរបស់ក្រុងមូស្គូ ក៏នឹងបាត់បង់ប្រហែល៥០០ពាន់លានរូពី ឬស្មើនឹងជាង៦ពាន់លានដុល្លារអាមេរិក៕ ប្រែសម្រួលដោយ Nuon