មេដឹកនាំជុំវិញពិភពលោក បានសន្យាថា នឹងផ្តល់មូលនិធិ សរុបប្រហែល ៨,៨ ពាន់លានដុល្លារអាមេរិក សម្រាប់ផលិត និងចែកចាយវ៉ាក់សាំងពិភពលោក ទៅកាន់ប្រទេសក្រីក្របំផុតក្នុងលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ ក្នុងនោះរួមបញ្ចូលជំងឺកញ្ជ្រិល និងជំងឺស្វិតដៃជើង ផងដែរ ។
ការសន្យាផ្តល់មូលនិធិទាំងនេះ ត្រូវបានធ្វើឡើង នៅក្នុងអំឡុងពេលជំនួបកំពូល ស្តីអំពីវ៉ាក់សាំងសកលលោកឆ្នាំ២០២០ ប្រារព្ធឡើង នៅប្រទេសអង់គ្លេស ក្រោមអធិបតីរបស់លោកនាយករដ្ឋមន្ត្រី Boris Johnson កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេស នៅតែជាប្រទេសផ្តល់មូលនិធិច្រើនជាងគេបំផុតដល់អង្គការវ៉ាក់សាំង Gavi ជាអង្គការសម្ព័ន្ធវ៉ាក់សាំងមួយ ហើយនឹងត្រូវចំណាយលុយ ប្រហែល២ពាន់លានដុល្លារ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។
អង្គការសម្ព័ន្ធវ៉ាក់សាំងនេះ បានអះអាងថា មូលនិធិទាំងនេះ នឹងជួយសង្គ្រោះដល់កុមារប្រហែល៣០០លាននាក់ រស់នៅក្នុងប្រទេសក្រីក្របំផុត នៅជុំវិញពិភពលោក ៕ ប្រែសម្រួលដោយ៖ thach yat