សត្វក្រពើព្រៃចំនួន២ក្បាល បាននាំគ្នាបើកឆាកប្រយុទ្ធ យកឈ្នះចាញ់នៅលើទីលានមុខទ្វារផ្ទះរបស់អ្នកស្រុក ស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ។ ការបើកឆាកប្រយុទ្ធរបស់សត្វក្រពើព្រៃ ទាំងពីរក្បាលនោះមានរយៈពេល២០នាទី មុនពេលពួកវាចែកផ្លូវគ្នារៀងៗខ្លួន ។
ជាភស្តុតាង តាមកាមេរ៉ារបស់ម្ចាស់លំនៅឋានថតបានសកម្មភាពក្រពើព្រៃខាំគ្នា ហើយត្រូវបានប្រភព UPI ដកស្រង់យកមកចុះផ្សាយ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានទាក់ទាញអ្នកចូលទស្សនាយ៉ាងច្រើន។
បើតាមការរៀបរាប់របស់ម្ចាស់ផ្ទះឈ្មោះ Sue Geshel បានបញ្ជាក់ថា គាត់បាននៅក្នុងផ្ទះជាមួយប្តីរបស់គាត់ ឈ្មោះ Joe ស្ថិតនៅទីក្រុង Fort Myers រដ្ឋFlorida សហរដ្ឋអាមេរិក ។ ពេលនោះ ស្រាប់តែឮសំឡេងដូចជា មានមនុស្សមកគោះទ្វាររបស់ពួកគាត់ពីខាងក្រៅអ៊ីចឹង។
អ្នកស្រី Geshel បានបន្តថា នៅពេលនោះ ប្ដីរបស់គាត់ Joe បានមើលទៅខាងក្រៅ ហើយបានប្រាប់ថា «មានអ្នកដំណើរតាមព្រៃ ដែលមិនគួរឲ្យស្វាគមន៍ កំពុងស្ថិតនៅខាងមុខទ្វារផ្ទះរបស់យើង» ។ មុនដំបូង គាត់ស្មានថា ប្តីរបស់គាត់និយាយលេងសើច ប៉ុន្តែនៅពេលគាត់មើលទៅ ក៏ឃើញសត្វក្រពើព្រៃ២ក្បាល កំពុងប្រយុទ្ធគ្នា ។
អ្នកស្រី Geshel បានបន្តថា សកម្មភាពប្រយុទ្ធគ្នារបស់ក្រពើព្រៃ២ក្បាល នៅខាងមុខទ្វារផ្ទះរបស់គាត់ ត្រូវថតជាប់ តាមរយៈកាមេរ៉ាសុវត្ថិភាព ។ សត្វលូនទាំងពីរក្បាលនេះ បានវារចាកចេញទៅបាត់ ក្រោយប្រយុទ្ធគ្នា អស់រយៈពេលប្រហែល២០នាទី។
គេឆ្ងល់ថា ហេតុអ្វីបានជាមានសត្វក្រពើព្រៃ ចូលមកអុកឡុកដល់ភូមិឋានរបស់ពលរដ្ឋរស់នៅបែបនេះ។ ប៉ុន្តែអាជ្ញាធរក្នុងតំបន់ មិនមានវិធានការទប់ស្កាត់អ្វីបន្តិចសោះឡើយ ។ អ្នកស្រី Geshel បញ្ជាក់ថា កាលពីជាង១០ឆ្នាំមុន គាត់ធ្លាប់បានឮប្រវត្តិទាក់ទងនឹងវក្រពើព្រៃនេះដែរ ។ ប៉ុន្តែនៅត្រង់រឿងវាខាំគ្នា នៅមុខផ្ទះរបស់អ្នកស្រុកបែបនេះ គឺគាត់មិនធ្លាប់ឮ ឬជួបប្រទេះទេ ហើយរឿងនេះ ពិតជាគួរឲ្យខ្លាចខ្លាំងណាស់៕ ប្រែសម្រួលដោយ៖ thach yat