ក្រុមហ៊ុន Honor ដែលជាសាខារបស់ Huawei បានប្រកាសចេញស្មាតហ្វូនថ្មីចំនួនពីរម៉ូដែល ដែលក្នុងនោះមាន Honor Play 4 Pro គួរឲ្យចាប់អារម្មណ៍ជាងគេ ព្រោះថាវាមាន Sensor សម្រាប់វាស់កម្ដៅ។ វីដេអូដែលបង្ហាញដោយគណនី Weibo របស់ Honor បានឲ្យឃើញថាគ្រាន់តែដាក់ស្មាតហ្វូននៅចំមុខ ឬកដៃរបស់មនុស្ស វានឹងបង្ហាញចេញកម្ដៅលើអេក្រង់។
Sensor វាស់កម្ដៅអាចជាមុខងារចម្លែកមួយលើស្មាតហ្វូន ប៉ុន្តែក្នុងសម័យកាលជំងឺរាតត្បាតនៅពេលដែលកម្ដៅខ្លួនឡើងខ្ពស់អាចជាសញ្ញានៃការកើតមានជំងឺកូវីដ១៩នោះ វាអាចជាមុខងារដែលមានប្រយោជន៍មួយ។ Honor និយាយថា Sensor នេះអាចវាស់កម្ដៅបានចាប់ពី -២០អង្សាសេ ដល់ ១០០អង្សាសេ ដែលល្មមគ្រប់គ្រាន់សម្រាប់ការវាស់កម្ដៅមនុស្ស។
Honor Play 4 Pro មានបំពាក់អេក្រង់ LCD ទំហំ ៦,៥៧អ៊ីញ អាចបង្ហាញរូបភាពកម្រិត 1080p+ និងមានចោះរន្ធពីរលើអេក្រង់សម្រាប់កាមេរ៉ា Selfie មេទំហំ ៣២MP និងកាមេរ៉ា Ultrawide ទំហំ ៨MP។ កាមេរ៉ាខាងក្រោយរបស់ Play 4 Pro មានត្រឹមពីរគ្រាប់ប៉ុណ្ណោះ ប៉ុន្តែមានលក្ខណៈពិសេសគួរសម។ កាមេរ៉ាមេមានទំហំ ៤០MP ប្រើប្រាស់ Filter RYYB ដែល Honor និយាយថាវាអាចស្រូបយកពន្លឺបានច្រើនជាង Sensor ធម្មតាដល់ ៤០% និងអាចដំឡើងកម្រិត ISO ដល់ 204800។
កាមេរ៉ាទីពីរជាកាមេរ៉ា Zoom ដែលអាច Zoom Optical បាន 3x, Zoom Hybrid 5x និង Zoom Digital 30x ហើយវាមានមុខងាររក្សាលំនឹង OIS អាចថតរូបភាពទំហំ ៨MP និងមានប្រព័ន្ធ Laser AF សម្រាប់ជួយដល់ការ Focus ផងដែរ។ ស្មាតហ្វូននេះអាចថតវីដេអូកម្រិត 4K/60fps ផងដែរ។
វាមានដំណើរការដោយបន្ទះឈីប Kirin 990 ដែលមានគាំទ្រនូវសេវា 5G, មាន RAM ទំហំ ៨GB និងអង្គផ្ទុកទំហំ ១២៨GB។ Play 4 Pro ក៏មានដើរដោយប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយស្បែក Magic UI 3.1 មានថ្មទំហំ ៤២០០mAh ដែលគាំទ្រការសាកល្បឿន ៤០វ៉ាត់ សាកត្រឹម ៣០នាទី បានថ្មដល់ ៧០%។ បច្ចុប្បន្ននេះ Honor បានបើកទទួលការកុម្ម៉ង់ទិញ Play 4 Pro ក្នុងតម្លៃប្រមាណ ៤១០ដុល្លារ ធ្វើឲ្យវាក្លាយជាស្មាតហ្វូនប្រើឈីប Kirin 990 ដែលមានតម្លៃធូរជាងគេ៕