ចៅក្រមសហព័ន្ធមួយរូបបានសម្រេចថា Apple ត្រូវប្រឈមមុខនឹងពាក្យបណ្ដឹងដែលចោទប្រកាន់ក្រុមហ៊ុនថាបានលាក់បាំងការពិតអំពីតម្រូវការ iPhone ក្នុងប្រទេសចិន ដែលនាំឲ្យម្ចាស់ភាគហ៊ុនខាតបង់ទឹកប្រាក់រាប់សិបពាន់លានដុល្លារ។ ចៅក្រមឈ្មោះ Yvonne Gonzalez Rogers បានសម្រេចថា ម្ចាស់ភាគហ៊ុនអាចប្ដឹង Apple ជុំវិញការលើកឡើងរបស់លោក Tim Cook ដែលអួតអំពីតម្រូវការខ្លាំងក្លាលើ iPhone ស៊េរីថ្មី នាថ្ងៃទី ១ ខែវិច្ឆិកា ២០១៨ ជាថ្ងៃដែល Apple ប្រកាសអំពីលទ្ធផលចំណូលចំណាយប្រចាំត្រីមាសទី ៤ ឆ្នាំ ២០១៨។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក Apple បានប្រាប់ដល់ដៃគូដំឡើង iPhone ធំរបស់ខ្លួន ឲ្យកាត់បន្ថយការផលិត។
ចៅក្រម Rogers បានសរសេរថា ៖ “ដោយគ្មានគ្រោះមហន្តរាយកើតឡើង ឬហេតុផលផ្សេងៗ វាពិបាកនឹងជឿណាស់ថា Tim Cook មិនបានដឹងមុនថាតម្រូវការ iPhone ក្នុងប្រទេសចិនមានការធ្លាក់ចុះ ប៉ុន្មានថ្ងៃមុនក្រុមហ៊ុនកាត់បន្ថយចំនួនផលិត។” នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៩ ដោយសារតែលទ្ធផលនៃតម្រូវការធ្លាក់ចុះនេះបានបង្ខំឲ្យ Apple ធ្វើការកែសម្រួលលើការព្យាករណ៍អំពីចំណូលប្រចាំត្រីមាសទី ១ ឆ្នាំ ២០១៩ ដែលតិចជាងការព្យាករណ៍លើកដំបូងដល់ ៩ពាន់លានដុល្លារឯណោះ។ ក្រោយការកែសម្រួលនេះ តម្លៃហ៊ុនរបស់ Apple ធ្លាក់ចុះដល់ ១០% នៅថ្ងៃបន្ទាប់ ធ្វើឲ្យតម្លៃ Apple លើទីផ្សារថយចុះ ៧៤ពាន់លានដុល្លារ៕