ភ្នំពេញ៖ មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឬ COVID-19 ឆ្លងតាមរយ:ដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស (មិនមែនហោះហើរក្នុងខ្យល់ទេ)។ នេះបើតាមហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ។
ជាសារអប់រំដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន CDC បញ្ជាក់ប្រាប់ថា ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ ។ អ្នកវិទ្យាសាស្រ្តរកឃើញថា ចំងាយខ្ទាតចេញពីមុខមនុស្សយើងចំងាយបាន ៣ហ្វីត បើគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ។
ដូច្នេះបើយើងនៅឆ្ងាយពីអ្នកជំងឺលើសពី១ម៉ែត្រ យើងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលើផ្ទៃផ្សេងៗ ដូចជាលើតុ លើជញ្ជាំង លើបង្កាន់ដៃជាដើម និងដៃ របស់គាត់ក្រោយញីច្រមុះ ប្រលាក់សំបោរ ប៉ះដៃទ្វារប៉ះជញ្ជាំងប៉ះបង្កាន់ដៃ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយើងប៉ះមុខនិងច្រមុះ ។
អ្នកវិទ្យាសាស្រ្តរកឃើញថា ក្នុងមួយថ្ងៃមនុស្សយើងប៉ះមុខជាមធ្យម ៦០ដង ។ ហេតុដូច្នេះ តម្រូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដើម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺ និងអ្នកជា ត្រូវតែឧស្សាហ៍លាង ដៃជាមួយសាប៊ូ អាល់កុល ជេល ជាដើម ។
ចំពោះអ្នកជាពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយបោះម៉ាស់ចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវក្រោយពេលប្រើប្រាស់ ៕ ដោ៖ ប៊ុនធឿន