កងទ័ពស្វាមួយហ្វូង បានវាយលុកចូលបន្ទប់ពិសោធន៍មួយកន្លែង ស្ថិតក្នុងរដ្ឋ អ៊ូតាប្រាដេស នាភាគខាងជើងប្រទេសឥណ្ឌា ហើយលួចយកសំណាកឈាមធ្វើតេស្តរកវីរុសកូវីដ១៩ថែមទៀតផង។
បើតាមការផ្សាយរបស់គេហទំព័រ UPI កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា សត្វស្វាទាំងនោះបានវាយប្រហារលើជំនួយការមន្ទីរពិសោធន៍ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Meerut ស្ថិតក្នុងរដ្ឋ អ៊ូត្រាបា្រដេស ហើយបានលួចយកសំណាកឈាមធ្វើតេស្តរកវីរុសកូវីដ១៩ ចំនួន៣សំណាកទៅជាមួយផងដែរ។
បន្ទាប់មកសត្វស្វាមួយក្បាល ត្រូវគេប្រទះឃើញនៅលើដើមឈើ នៅក្បែរបន្ទប់ពិសោធន៍នោះ ហើយបោះចោលសំណាកឈាមធ្វើតេស្តវីរុសកូវីដ១៩។
មន្រ្តីមហាវិទ្យាល័យវេជ្ជសាស្ត្រ បាននិយាយថា គំរូឈាមថ្មីដែលបានយកពីអ្នកសង្ស័យផ្ទុកជំងឺ យកទៅធ្វើតេស្ត ហើយនៅពេលជួបហេតុការណ៍បែបនេះ ការធ្វើតេស្ត ក៏ត្រូវបានបញ្ចប់ផងដែរ ។
អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ បានលើកឡើងទាំងភ័យខ្លាចថា សត្វស្វាទាំងនោះអាចនាំឱ្យវីរុសកូវីដ១៩ ឆ្លងរាលដាលឆាប់រហ័ស ប្រសិនបើសំណាកឈាមដែលធ្វើតេស្តមានផ្ទុកវីរុសកូវីដ១៩ ។
សូមជម្រាបជូនថា បើគិតមកត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ប្រទេសឥណ្ឌា មានអ្នកឆ្លងកូវីដ១៩ សរុប ២១៦ ៩១៩ នាក់ ក្នុងនោះ ៦ ០៨៨ នាក់ បាត់បង់ជីវិត និង ១០៤ ១០៧ នាក់បានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat