លោក Rudi Voller នាយកកីឡាក្លិប Bayer Leverkusen បាននិយាយថា ខ្សែប្រយុទ្ធ Kai Havertz គេនឹងទៅចូលរួមជាមួយក្លិបលំដាប់ពិភពលោកណាមួយនៅថ្ងៃអនាគត ប៉ុន្តែពួកយើងសង្ឃឹមថាអាចរក្សារូបគេឱ្យបន្តលេងនៅទីនេះយ៉ាងហោចណាស់ក៏មួយរដូវកាលទៀតដែរ។
ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះ កំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយក្លិប Bayern Munich, Manchester United, Liverpool និង Real Madrid ស្របពេលដែលគ្រូបង្វឹកក្រុម Leverkusen លោក Peter Bosz បាននិយាយកាលពីខែមីនាថា ពួកគេត្រូវចំណាយយ៉ាងហោចណាស់ក៏ចំនួន១០០លានផោនដែរទើបអាចចុះហត្ថលេខាយក Havertz នៅក្នុងរដូវក្តៅនេះបាន។
ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះ កំពុងធ្វើឱ្យក្លិបធំៗនៅតំបន់អឺរ៉ុបចិញ្ចឹមចិត្តចង់បានរូបគេយកមកចូលរួមជាមួយនឹងក្រុមយ៉ាងខ្លាំង ដោយសារតែសមត្ថភាពទាត់បាល់បញ្ចូលទីដ៏ប៉ិនប្រសប់របស់គេពោល គឺក្រោយឆ្លងកាត់២៦ប្រកួតកន្លងទៅ គេអាចរកបាន១១គ្រាប់នៅក្នុងក្របខណ្ឌ Bundesliga រដូវកាលនេះ។
ដោយសារតែទេពកោសល្យរបស់គេនេះហើយទើបធ្វើឱ្យលោក Rudi នាយកកីឡាក្លិបមានការបារម្ភខ្លាចក្លិបធំៗឆក់ឱកាសយករូបគេនៅទីផ្សាកីឡាបើកទ្វារនាពេលខាងមុខនេះ។
លោកបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “គាត់[Havertz] នៅមានកិច្ចសន្យានៅទីនេះរហូតដល់ឆ្នាំ២០២២ ប៉ុន្តែយើងដឹងថានៅទីបំផុតគាត់នឹងផ្លាស់ទៅក្លិបលំដាប់ពិភពលោកណាមួយជាក់ជាមិនខាន។ ខ្ញុំសង្ឃឹមថានឹងអាចរក្សាគាត់ឱ្យស្នាក់នៅជាមួយយើងយ៉ាងហោចណាស់ក៏មួយឆ្នាំទៀតដែរ”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore