បើតាមការចេញផ្សាយរបស់គេហទំព័រ Worldometers.com ចេញផ្សាយ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា អ្នកជំងឺកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19) នៅទូទាំងពិភពលោក ជាង ៣ ១៦៤ ២៤៨ នាក់បានជាសះស្បើយ ក្នុងចំណោមអ្នកជំងឺសរុប ៦ ៥៦៦ ៤៧៥ នាក់ ។ ចំណែកអ្នកជំងឺបាត់បង់ជីវិតសរុប ៣៨៧ ៨៧៧ នាក់ ។
ប្រភពដដែល បានឲ្យដឹងទៀតថា សហរដ្ឋអាមេរិក ជាប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេបំផុត គឺមានជាង ១,៩ លាននាក់ ក្នុងនោះ បាត់បង់ជីវិត ១០៩ ១៤២ នាក់ ។
ប្រទេសប្រេស៊ីល រងគ្រោះខ្លាំងជាងគេ លំដាប់ទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក ។ ប្រេស៊ីល មានអ្នកឆ្លងសរុប ៥៨៣ ៩៨០ នាក់ ក្នុងនោះបាត់បង់ជីវិត ៣២ ៥៤៧ នាក់ ។
រុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ សរុប ៤៣២ ២៧៧ នាក់ ក្នុងនោះបាត់បង់ជីវិត ៥ ២១៥ នាក់, ប្រទេសអេស្ប៉ាញមានអ្នកឆ្លង ២៨៧ ៤០៦ នាក់ ក្នុងនោះបាត់បង់ជីវិត ២៧ ១២៨ នាក់។
សូមជម្រាបជូនថា វីរុសកូវីដ១៩ បានផ្ទុះឡើងដំបូងគេ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភាគកណ្តាលប្រទេសចិន ។ បើតាមគេហទំព័រ Wikipedia ចេញផ្សាយ នៅថ្ងៃទី៤ ខែមិថុនា បញ្ជាក់ថា វីរុសកូវីដ១៩ បានឆ្លងរាលដាលនៅលើដែនដី និងប្រទេសសរុប ២៩៩ នៅជុំវិញពិភពលោក ។
រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក ឬ WHO នៅមិនទាន់បានប្រកាសជាក់លាក់ណាមួយនៅឡើយថា វីរុសកូវីដ១៩ មានថ្នាំព្យាបាល ឬវ៉ាក់សាំងបង្ការនោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅជុំវិញពិភពលោក ក្នុងចំណោមអ្នកជំងឺឆ្លងសរុបជាង ៦,៥ លាននាក់ មានជាង ៣,១លាននាក់ បានជាសះស្បើយវិញផងដែរ៕ ប្រែសម្រួលដោយ៖ thach yat