ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានកត់សម្គាល់ឃើញថា KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀលហ្គាឌិនមួយចំនួន បានល្មើសវិធានការរបស់រាជរដ្ឋាភិបាល។
ក្នុងលិខិតជម្រាបជូន អភិបាលរាជធានីខេត្ត នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍ បានជូនដំណឹងដល់ម្ចាស់អាជីវកម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀលហ្គាឌិនទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលធ្លាប់បានប្រកាសបិទបណ្ដោះអាសន្នកាលពីពេលកន្លង ទៅរួចមកហើយនោះ ត្រូវបន្តអនុវត្ត តាមការណែនាំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ទម្រាំមានសេចក្តីជូនដំណឹងថ្មី ស្តីពីការបន្ធូបន្ថយ ឬកែសម្រួលវិធានការនៅពេលខាងមុខ។
ក្នុងលិខិតលោករដ្ឋមន្ត្រី ថោង ខុនបញ្ជាក់ថា នៅពេលបច្ចុប្បន្ន មានរបាយការណ៍ថា នៅមានមូលដ្ឋានអាជីវកម្ម KTV ក្លឹបកំសាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀលហ្គាឌិន ខ្លះ នៅតាមរាជធានីខេត្តមួយចំនួន នៅតែបន្តសកម្មភាពអាជីវកម្មដោយល្មើស នឹងវិធានការរបស់រាជរដ្ឋាភិបាល៕ ដោយ៖ ប៊ុនធឿន