ស្របពេលដែលបុគ្គលិក Facebook មួយចំនួនបានបង្ហាញគំនិតជំទាស់នឹងចំណាត់ការរបស់ Facebook លើការបង្ហោះរបស់លោក ដូណាល់ ត្រាំ ក៏មានមនុស្សក្នុងសហគមន៍បច្ចេកវិទ្យាទទូចឲ្យបុគ្គលិក Facebook លាឈប់ពីការងារដើម្បីសម្ដែងការតវ៉ា។ កាលពីថ្ងៃចន្ទបុគ្គលិក Facebook នាំគ្នាមិនធ្វើការ ដែលជាការបាតុកម្មប្រឆាំងនឹងការសម្រេចចិត្តរបស់ក្រុមហ៊ុនដែលមិនបញ្ចេញសកម្មភាពលើការបង្ហោះរបស់លោក ដូណាល់ ត្រាំ អំពីការធ្វើបាតុកម្មជុំវិញការស្លាប់របស់ George Floyd។ ការបង្ហោះរបស់លោក ត្រាំ មានសរសេរថា “ពេលដែលចាប់ផ្ដើមមានការលួចរបស់របរ ការបាញ់បោះក៏នឹងចាប់ផ្ដើមដែរ។ ពេលនេះអ្នកដែលធ្វើការខាងបច្ចេកវិទ្យាដូចគ្នា បានលើកទឹកចិត្តឲ្យបុគ្គលិក Facebook លាឈប់ពីការងារដើម្បីបង្ហាញអំពីការតវ៉ា។
វិស្វករ Software នៅ Facebook ម្នាក់ឈ្មោះ Timothy J. Aveni បាននិយាយក្នុងការបង្ហោះលើ LinkedIn ថារូបគេបានលាឈប់ពីការងារនៅ Facebook ដោយសាររឿងរ៉ាវនេះ ហើយរូបគេជាបុគ្គលិកដំបូងដែលលាឈប់ព្រោះរឿងនេះ។ ក្នុងអង្គប្រជុំកាលពីថ្ងៃអង្គារ លោក Mark Zuckerberg នៅតែបន្តការពារលើការសម្រេចចិត្តរបស់ Facebook ដោយនិយាយថារូបលោកដឹងថាការទុកការបង្ហោះរបស់លោក ត្រាំ អាចធ្វើឲ្យមនុស្សជាច្រើនក្នុងក្រុមហ៊ុនមិនសប្បាយចិត្ត រួមទាំងត្រូវសារព័ត៌មានរិះគន់ផងដែរ។ គួរដឹងថា Twitter បានដាក់ការព្រមានលើការបង្ហោះរបស់លោក ដូណាល់ ត្រាំ ដូចដែលបានបង្ហោះលើ Facebook ដោយនិយាយថាជាការលើកតម្កើងអំពើហិង្សា។ ប៉ុន្តែ Facebook ឯណោះវិញមិនបានបញ្ចេញសកម្មភាពអ្វីសោះលើការបង្ហោះនេះ ដោយលោក Mark Zuckerberg ស្ថាបនិក Facebook បាននិយាយថាវាមិនបានល្មើសនឹងបទបញ្ជាក្រុមហ៊ុននោះទេ៕