សហគមន៍អន្តរជាតិ ពិសេសគឺប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិក បានថ្កោលទោសអាមេរិកវិញម្តង ដោយសារបង្កឲ្យមានបាតុកម្ម ហើយរាលដាលដល់ប្រទេសជាច្រើន នៅជុំវិញពិភពលោក។ ក្រៅពីបាតុកម្មប្រឆាំងនឹងការប្រកាន់ជាតិសាសន៍ បានកើតឡើង នៅ៥០រដ្ឋ នៅលើទឹកដីអាមេរិក ខណ:នេះបានទៅដល់អូស្ត្រាលី អឺរ៉ុប និងប្រទេសជាច្រើនទៀត។
កន្លងមក នៅតំបន់អឺរ៉ុប ក្នុងនោះមានប្រទេសអង់ក្លេស និងស្វIស ក៏មានបាតុកម្មផងដែរ ដែលជាការរួមចំណែកជាមួយនឹងក្រុមជនជាតិស្បែកខ្មៅ ទាមទារយុត្តិធម៌ និងបញ្ចប់ការរើសអើងជាតិសាសន៍។
នៅពេលនេះបាតុកម្មបានប្រមូលផ្តុំគ្នា នៅមុខតុលាការ Tribunal de Grande ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាការចូលរួម ក្នុងមហាបាតុកម្ម «ខ្ញុំមិនអាចដកដង្ហើម » របស់ជនរងគ្រោះ Floyd ត្រូវប៉ូលិសអាមេរិកសង្កត់ក រហូតដល់ស្លាប់។
បាតុកម្មនៅក្នុងប្រទេសបារាំង ក៏បានបង្ហាញពីការគោរពដល់យុវជនស្បែកខ្មៅជនជាតិបារាំង ដើមកំណើតអាហ្វ្រិក អាយុ២៤ឆ្នាំឈ្មោះ ឈ្មោះ Adama Traore បានស្លាប់ ក្នុងពេលប៉ូលិសបារាំងឃុំខ្លួន កាលពីឆ្នាំ២០១៦ ផងដែរ។ គ្រួសារ Adama Traore បានលើកឡើងថា ការស្លាប់ដោយសារតែថប់ដង្ហើម ហើយសម្ដីចុងក្រោយ ដូចគ្នាទៅនឹងសម្ដីរបស់ Floyd «ខ្ញុំមិនអាចដកដង្ហើម»ដែរ។
ប៉ូលិសបារាំងបានហាមប្រាមបាតុកម្ម ដោយសារតែច្បាប់គម្លាតសង្គម ហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩។ ប៉ុន្តែក៏មានពលរដ្ឋរាប់ពាន់នាក់ ពាក់ម៉ាស់ចូលរួមបាតុកម្ម នៅមុខតុលាការ Tribunal de Grande ដោយមិនខ្វល់ពីច្បាប់ហាមប្រាម។ ប៉ូលិសប្រឆាំងបាតុកម្ម នៅប្រទេសបារាំង ក៏បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករផងដែរ។
លោក Didier Lallement ស្នងការប៉ូលិសទីក្រុងប៉ារីស បានបញ្ជាក់ថា កម្លាំងប៉ូលិសមិនមានសកម្មភាពប្រើហិង្សា ឬក៏រើសអើងជាតិសាសន៍ទៅលើក្រុមបាតុករឡើយ៕ប្រែសម្រួលដោយ MEO