ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានគាំទ្រដល់ការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដើម្បីអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ធានាសុខុមាលភាពប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានមួយកម្រិតទៀត ដែលជាឥណទានសម្បទានរបស់ធនាគារពិភពលោក។
ការគាំទ្រគម្រោងនេះ បានធ្វើឡើង កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នេះ នៅការិយាល័យកណ្តាលធនាគារពិភពលោកប្រចាំកម្ពុជា ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំអង្គភាពគ្រប់គ្រងសមាសភាពគម្រោង (Component Management Unit) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ជាមួយគ្នានោះ អញ្ជើញចូលរួមកិច្ចប្រជុំចាប់ផ្តើម នៃបេសកកម្មគាំទ្រដល់ការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (Implementation Support Mission) និងភាគីសមាសភាពគ្រប់គ្រងគម្រោងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំដោយឯកឧត្តម យា ប៊ុនណា អនុរដ្ឋលេខាធិការ និងភាគីធនាគារពិភពលោក។
កិច្ចប្រជុំនេះ ផ្ដោតជាសំខាន់លើរបៀបវារៈមួយចំនួន រួមមាន ពិនិត្យ និងពិភាក្សាលើសកម្មភាពការងារ ដែលបានឯកភាព និងវឌ្ឍនភាព កាលពីបេសកកម្មគាទ្រដល់ការអនុវត្តគម្រោងកន្លងទៅ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងពិនិត្យ និងពិភាក្សាឯកភាពលើរបៀបវារៈ នៃបេសកកម្មគាំទ្រដល់ការអនុវត្តគម្រោងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។
សូមជម្រាបថា បញ្ហាកង្វះអនាម័យ និងទឹកស្អាត បានធ្វើឱ្យប្រជាជននៅលើពិភពលោក ពិសេសអ្នករស់នៅតំបន់ជនបទជួបប្រទះជំងឺជាច្រើន ដែលបណ្តាលមកពីការប្រើប្រាស់ប្រភពទឹកកង្វក់ គ្មានបង្គន់ប្រើប្រាស់ និងមិនមានទម្លាប់លាងដៃជាមួយនឹងសាប៊ូ។
លើសពីនោះ បញ្ហាកង្វះទឹកស្អាត និងអនាម័យ ក៏បានធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់វិស័យសង្គមកិច្ចផងដែរ ដូចជា បញ្ហាសុខភាព អប់រំ អាហាររូបត្ថម្ភ និងជាពិសេសប៉ះពាល់ខ្លាំងសម្រាប់ប្រជាពលរដ្ឋក្រីក្រ ស្រ្តី កុមារ ជាពិសេសពលរដ្ឋដែលរស់នៅជនបទជួបប្រទះនូវជំងឺជាច្រើន៕