ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញរថយន្ត Corolla Hatchback (គូទហើម) ប្រភេទថ្មីហៅថា Special Edition ស៊េរីឆ្នាំ២០២១ ហើយផលិតត្រឹមតែ ១ ៥០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអាមេរិកខាងជើង។ រថយន្ត Toyota Corolla Hatchback Special Edition ថ្មីនេះ មានតែតួខ្លួនពណ៌ក្រហមប៉ុណ្ណោះ ហៅថា Supersonic Red ហើយមានតុបតែងគ្រឿងលេង ឲ្យមើលទៅលេចធ្លោជាង Corolla ធម្មតា។
Corolla ម៉ូដែលពិសេសខាងលើ នឹងមានបំពាក់កាងកាត់ខ្យល់ផ្នែកខាងមុខ, ចំហៀង, ក្រោយ ព្រមទាំងបំពាក់ឡូហ្គូ Special Edition និង យ៉ាន់ Alloy ពណ៌ខ្មៅ ទំហំ ១៨អ៊ីញ ផងដែរ។ រថយន្តនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Naturally Aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៨សេះ ហើយប្រើប្រអប់លេខអូតូ CVT និងប៉ុងមួយវិលកង់មុខ ដូច Corolla ធម្មតាដែរ៕