រថយន្ត Lexus NX ស៊េរីបច្ចុប្បន្ននេះមិនមានការផ្លាស់ប្ដូររូបរាងខ្លាំងប៉ុន្មានឡើយ បើធៀបនឹងពេលដែលវាទើបប្រកាសចេញដំបូង ពោលនាឆ្នាំ ២០១៤។ ពេលនេះ Lexus កំពុងត្រៀមបង្ហាញរថយន្ត NX ជំនាន់ទីពីរ ដែលនឹងបង្ហាញចេញនាឆ្នាំ ២០២២។ បើផ្អែកតាមវិបសាយជប៉ុន Best Car Website បានឲ្យដឹងថារថយន្ត Lexus NX ជំនាន់ទីពីរនឹងប្រើគ្រោងឆ្អឹង TNGA-K ដូចមានប្រើរថយន្ត Toyota RAV4 និង Toyota Venza នាពេលបច្ចុប្បន្ននេះដែរ។ គ្រោងឆ្អឹងថ្មីនេះនឹងធ្វើឲ្យ NX មានប្រវែងវែង RAV4 ប្រមាណ ៣០ម.ម និងខ្លីជាង Venza ប្រហែល ៩០ម.ម ប៉ុន្តែមានទទឹងធំជាងម៉ូដែលទាំងពីរ ១៥ម.ម។
រន្ធខ្យល់ទំហំធំនៅផ្នែកខាងមុខនឹងនៅបន្តប្រើប្រាស់ ប៉ុន្តែការឌីហ្សាញរន្ធខ្យល់ និងផ្នែកខាងមុខរថយន្តនឹងមានការផ្លាស់ប្ដូរ ដើម្បីឲ្យរថយន្តទាន់សម័យជាងមុន។ ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្ត NX ជំនាន់ថ្មីនឹងមានជម្រើសម៉ាស៊ីន Hybrid ដែលប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ៤ស៊ីឡាំង គួបផ្សំនឹងម៉ូទ័រអគ្គិសនីដែលបង្កើតកម្លាំងបានសរុប ២១៩សេះ។
វិបសាយខាងលើបានឲ្យដឹងដែរថា Lexus NX ជំនាន់ថ្មីអាចនឹងមានជម្រើសម៉ាស៊ីន ២,៤លីត្រ ៤ស៊ីឡាំង ប្រភេទ Turbocharged ដែលអាចផលិតកម្លាំងបាន ៣០០សេះ។ ជាមួយម៉ាស៊ីននេះនឹងធ្វើឲ្យ NX មានកម្លាំងខ្លាំងជាងគូប្រជែង Audi Q3 និង BMW X1 ដែលមានកម្លាំងខ្លាំងបំផុតត្រឹម ២២៨សេះ៕