កងទ័ពជើងអាកាសអង់គ្លេស បានប្រកាសថា យន្តហោះចម្បាំងរបស់ខ្លួន បានហោះស្ទាក់យន្តហោះស៊ើបការណ៍ IL-20 របស់រុស្ស៊ីមួយគ្រឿង នៅពីលើតំបន់សមុទ្របាល់ទិក ។
បើតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន Almasdarnews កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា កងកម្លាំងជើងអាកាសអង់គ្លេស បានចេញថ្លែងការណ៍បញ្ជាក់ថា យន្តហោះចម្បាំងមួយគ្រឿងរបស់ខ្លួនបានហោះចេញពីមូលដ្ឋានកងទ័ពអាកាស ប្រចាំនៅប្រទេសតំបន់អឺរ៉ុប Lithuania ជាទីដែលបាននិងកំពុងឈរជើង បំពេញបេសកកម្ម តាមក្របខ័ណ្ឌរបស់អង្គការណាតូនោះ បានទៅស្ទាក់យន្តហោះរុស្ស៊ីមួយគ្រឿង ស្ថិតនៅពីលើសមុទ្របាល់ទិក ។
ប្រភពព័ត៌មានដដែល បានបន្ដថា ប្រតិបត្តិការនេះទទួលបានជោគជ័យ ដោយបានបណ្តេញយន្តហោះរុស្ស៊ី ឲ្យចាកចេញឆ្ងាយទៅ។ ភាគីរុស្ស៊ី នៅមិនទាន់អត្ថាធិប្បាយបែបណានៅឡើយទេ នៅជុំវិញបញ្ហានេះ ។
ក្រសួងការពារជាតិរុស្ស៊ី កាលពីពេលកន្លងមក ធ្លាប់បានប្រកាសថា រាល់ការហោះហើរទាំងអស់យន្តហោះរបស់ខ្លួន គឺអនុវត្តទៅតាមច្បាប់ទម្លាប់អន្តរជាតិ ដែលបានចែងស្តីអំពីការចរាចរណ៍តាមដែនអាកាស ។
គួរជម្រាបជូនផងដែរថា យន្តហោះចម្បាំងអង់គ្លេស បានចូលរួមបេសកកម្មជាមួយអង្គការណាតូ ត្រួតពិនិត្យដែនអាកាស នៅប្រទេសតំបន់សមុទ្របាល់ទិក ចាប់តាំងពីឆ្នាំ២០០៤រៀងរហូតមក ។
សប្តាហ៍មុនកម្លាំងជើងអាកាសរុស្ស៊ី បានហោះស្ទាក់យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿង ខណៈស្ថិតនៅពីលើតំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត។ រុស្ស៊ីធ្លាប់បានធ្វើបែបនេះ ចំនួន៣លើក នៅក្នុងឆ្នាំ២០២០នេះ៕ ប្រែសម្រួលដោយ៖ thach yat