ការផ្ទុះបាតុកម្មប្រឆាំងនឹងការប្រកាន់ពូជសាសន៍ បានអូសបន្លាយ អស់រយ:ពេលជាង១សប្ដាហ៍កន្លងមកនេះ បានបណ្ដាលឲ្យមនុស្សរាប់រយនាក់រងរបួស ជិតមួយម៉ឺននាក់ត្រូវចាប់ខ្លួន និង១១នាក់ផ្សេងទៀត បាត់បង់ជីវិត។
បណ្ដាញទូរទស្សន៍ KTLA TV បានរាយការណ៍ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ថា បាតុកម្ម ជុំវិញករណីប៉ូលិសសង្កត់កបុរសស្បែកខ្មៅ ទាំងដៃជាប់ខ្នោះ រហូតដល់ស្លាប់នោះ បានបណ្ដាលឲ្យមនុស្សរាប់រយនាក់រងរបួស និង១១នាក់ផ្សេងទៀតស្លាប់។ ជនរងគ្រោះទាំងនោះ ភាគច្រើន ជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក។ ក្រៅពីអ្នករងរបួសនោះ ប៉ូលិសក៏បានចាប់ខ្លួនក្រុមបាតុករ ជិត១ម៉ឺននាក់ផងដែរ។
បាតុកម្ម រហូតប្រែក្លាយទៅជាកុបកម្មនោះ បានកើតឡើង ក្រោយពេលបុរសស្បែកខ្មៅម្នាក់ ឈ្មោះ George Floyd បានយកប្រាក់ក្លែងក្លាយ ក្រដាស២០ដុល្លារយកទៅចាយ និងត្រូវគេប្ដឹង ហើយត្រូវប៉ូលិសចាប់វាយខ្នោះ និងសង្កត់ក រហូតដល់ស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅក្នុងរដ្ឋមីននីសូតា។ បាតុកម្មប្រឆាំងនឹងការប្រកាន់ជាតិសាសន៍នេះ បានរាលដាលដល់រដ្ឋជាច្រើន នៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប។ ប៉ុន្ដែរហូតមកដល់ពេលនេះ ទីក្រុងចំនួន៤០របស់អាមេរិក ត្រូវប្រកាសដាក់ក្នុងបម្រាមគោចរ រួមទាំង ទីក្រុងវ៉ាស៊ីតោនឌីស៊ី, ទីក្រុងឡូសអែនជើឡែស និងញូវយ៉ក ផងដែរ៕ ប្រែសម្រួលដោយ Nuon