បទចម្រៀង “ស្នេហាក្រឡាប់ចាក់” របស់តារាចម្រៀង តន់ ច័ន្ទសីម៉ា ដែលបានចេញនៅលើប្រព័ន្ធយូធូបប៉ុន្មានសប្ដាហ៍ហើយនោះ ត្រូវបានក្រុមរាំដ៏ល្បីមួយរបស់ថៃ បានយកទៅរាំ Cover ទៀតហើយ ដោយពួកគេថែមក្បាច់រាំទន់ ល្វតល្វៃម្ញ៉ិកម្ញ៉ក់គួរឲ្យក្នាញ់។
នេះគឺក្រុមរាំ Inner ដ៏ល្បីមួយក្នុងចង្កោមយុវវ័យរបស់ថៃ។ វីដេអូចម្រៀងរបស់ពួកគេ ទើបត្រូវបានបង្ហោះនៅលើប្រព័ន្ធយូធូប ប៉ុន្មានម៉ោងនេះប៉ុណ្ណោះ ខណៈវីដេអូចម្រៀងផ្លូវការរបស់ផលិតកម្ម Galaxy Navatra មិនទាន់មានដំណឹងថា ចេញពេលណាផង។
ប្រិយមិត្តរបស់ភាគីទាំងពីរជាច្រើននាក់ បានចូលមកសរសេរសារថ្លែងពីវីដេអូចម្រៀងនេះ ពោលគឺមានទាំងថៃ និងជនជាតិខ្មែរ។ សម្រាប់ប្រិយមិត្តកម្ពុជា ភាគច្រើនបានថ្លែងអំណរគុណដល់ក្រុមរាំរបស់ប្រទេសជិតខាងមួយនេះ ចំពោះការស្រឡាញ់បទចម្រៀងរបស់ខ្មែរ។ ឯប្រិយមិត្តកម្ពុជាខ្លះទៀត ក៏បានពោលសរសើរក្រុមរាំថៃមួយក្រុមនេះដែរថា ពួកគេពិតជាមានទេពកោសល្យ និងថា ក្បាច់រាំពួកគេក្នុងបទ “ស្នេហាក្រឡាប់ចាក់” មើលទៅគួរឲ្យស្រឡាញ់។
“ស្នេហាក្រឡាប់ចាក់” និពន្ធ Melody និងទំនុកច្រៀងដោយឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាស្នាដៃថ្មីបន្ទាប់ពីកន្លងមកធ្លាប់បញ្ចេញស្នាដៃជាច្រើនបទរួចមកហើយ មានដូចជាបទ “គេនោះជាស្រីកាប់ដាវ” និងបទ “ឡានស៊ីរ៉ែន”។ ជាដើម។ ដោយឡែក Inner Studio របស់ថៃ នេះគឺជាស្នាដៃថ្មីមួយទៀតរបស់ពួកគេដែរ ដែលកន្លងមកបទចម្រៀង “ឡានស៊ីរ៉ែន” ក៏ពួកគេបានបញ្ចេញទេពកោសល្យភ្ជាប់ជាមួយបទនេះដែរ៕