មជ្ឈមណ្ឌលផលិតអាវុធរបស់អ៊ីស្រាអែល បានធ្វើតេស្តសាកល្បងប្រព័ន្ធមីស៊ីលបាលីស្ទិក រយៈចម្ងាយខ្លីប្រកបដោយជោគជ័យ គឺកម្ទេចគោលដៅដែលបានកំណត់បានជាក់លាក់ ។
មជ្ឈមណ្ឌលផលិតអាវុធធុនធ្ងន់ រយៈចម្ងាយឆ្ងាយ (LORA) របស់អ៊ីស្រាអែល បានបាញ់សាកល្បងប្រព័ន្ធមីស៊ីលពីលើផ្ទៃទឹកសមុទ្រ ប្រកបដោយជោគជ័យ ។ ការបាញ់សាកល្បងពីលើទឹកនេះ ដោយសារនៅលើដីគោក មានការរឹតបន្តឹងខ្លាំង ទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ១៩ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេបានប្រើប្រាស់ជើងទម្រពីលើដីគោកផងដែរ ។ ប្រព័ន្ធអាវុធ LORA ដែលថា មានរយៈចម្ងាយ៤០០គីឡូម៉ែត្រនោះ កម្ទេចគោលដៅដែលបានកំណត់ទុកបានយ៉ាងជាក់លាក់បំផុត ។ នេះបើតាមឧស្សាហកម្មដែនអាកាសរបស់អ៊ីស្រាអែល (IAI)។
ប្រភពសារព័ត៌មាន Sputnik បានផ្សាយ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ថា ឧស្សាហកម្មដែនអាកាសអ៊ីស្រាអែល ឬ IAI បានបាញ់សាកល្បងមីស៊ីល២គ្រាប់ ក្នុងនោះមួយគ្រាប់ជាមីស៊ីលប៉ាលីស្ទិក រយៈចម្ងាយខ្លីរបស់មជ្ឈមណ្ឌលផលិតអាវុធធុនធ្ងន់ (LORA) ផងដែរ ។ ការបាញ់សាកល្បងនេះទទួលបានជោគជ័យ បន្ទាប់ពីវាបានកម្ទេចគោលដៅបណ្តែតនៅលើទឹក ដែលបានកំណត់បានសម្រេច ក្នុងរយៈចម្ងាយ៩០គីឡូម៉ែត្រ និង៤០០គីឡូម៉ែត្រ ។ សេចក្តីថ្លែងការណ៍របស់ឧស្សាហកម្មនេះ បញ្ជាក់ថា មីស៊ីលទាំងនេះបានកម្ទេចគោលដៅ ដែលបានកំណត់ប្រកបដោយជោគជ័យ ។
សេចក្តីថ្លែងការណ៍បន្តថា មីស៊ីលទាំងនេះបានបាញ់ចេញទៅកាន់គោលដៅ ។ វាចូលគន្លងជាក់លាក់ដែលបានកំណត់ និងចំគោលដៅបំផុត ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលផលិតអាវុធ LORA របស់អ៊ីស្រាអែល គឺជាអ្នកផលិតប្រព័ន្ធមីស៊ីលប៉ាលីស្ទិកប្រយុទ្ធ និងពហុចម្ងាយ ដែលអាចបាញ់ចេញពីផ្ទៃទឹកទៅលើដីគោក និងបាញ់ចេញពីដីគោកទៅលើដីគោក ។ មជ្ឈមណ្ឌល LORA នេះបង្កើតឡើងដោយឧស្សាហកម្មដែនអាកាសអ៊ីស្រាអែល (IAI) ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាជាតិ និងពិភពលោក សម្រាប់ផលិតប្រព័ន្ធការពារដែនអាកាស, ផលិតប្រព័ន្ធរ៉ាដា ផ្កាយរណប និងការផ្គត់ផ្គង់បច្ចេកវិទ្យាដទៃផ្សេងទៀត មានមូលដ្ឋាននៅប្រទេសអ៊ីស្រាអែល ៕ ប្រែសម្រួលដោយ៖ thach yat