គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានផ្ដាំផ្ញើទៅកូនក្រុមរបស់ខ្លួនថា ត្រូវតែពាក់ម៉ាស់ និងស្រោមដៃដើម្បីការពារខ្លួនផងមុនពេលចេញទៅខាងក្រៅក្នុងអំឡុងពេលមានមេរោគកូវីដ ១៩។ លោក Jurgen Klopp នៅតែជឿជាក់ថាការប្រកួតរបស់ក្រុម Liverpool នឹងដំណើរការបានល្អនៅពេលបើកការប្រកួតឡើងវិញរបស់ក្របខណ្ឌ English Premier League។
ក្រុមហង្សក្រហម Liverpool នឹងវិលត្រឡប់មកបើកកីឡដ្ឋាន Anfield របស់ខ្លួនវិញដើម្បីទទួលស្វាគមន៍ក្រុម Everton នៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ ក្រោយខកខានការប្រកួតអស់រយៈពេលជាងពីរខែមកនេះ។
គ្រូបង្វឹកលោក Jorgen Klopp តែងតែផ្ដាំផ្ញើជារឿយៗទៅដល់កូនក្រុមរបស់ខ្លួនឲ្យការពារអនាម័យ និងសុខភាពឲ្យបានល្អមុននឹងការប្រកួតចាប់ផ្ដើមឡើងវិញនាចុងខែមិថុនា នេះ។ លោក Klopp ក៏បានបញ្ជាក់ថាការហ្វឹកហាត់របស់ក្រុម Liverpool ក៏ត្រូវបានរៀបចំឡើងយ៉ាងល្អផងដែរក្នុងការការពារនៃមេរោគកូវីដ ១៩។
លោក Klopp បានមានប្រសាសន៍ប្រាប់គេហទំព័រ The Guardian នៅថ្ងៃទី៣ ខែមិថុនា នេះថា “វាសឹងតែ ១០០ភាគរយទៅហើយនៅក្នុងប្រទេសអង់គ្លេស ក្នុងការទប់ស្កាត់នៃវីរុសកូវីដ ១៩ បានជោគជ័យ ហើយខ្ញុំជឿជាក់ថាការប្រកួតនៅក្នុងក្របខណ្ឌ English Premier League នឹងវិលត្រឡប់មកជាប្រក្រតីវិញនាចុងខែមិថុនានេះ”៕
ប្រែសម្រួលដោយ៖ សំណាង
ប្រភព៖ Guardian