
នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ឌីជេ ណាណា ដែលតែងតែចែករំលែកបទពិសោធរបស់ខ្លួនដល់មនុស្សគ្រប់គ្នាដែលមានវិបត្តិ ឬបញ្ហាជួបប្រទះនៅក្នុងជីវិត ពេលនេះជួបទុក្ខធំអ្នកមានគុណទទួលមរណភាពក្នុងជន្មាយុ៦០ឆ្នាំ នៅព្រឹកមិញនេះ វេលាម៉ោង៧.១៨នាទី។
នៅមុននេះបន្តិច ឌីជេ ណាណា បានបង្ហោះភាពសោកសៅនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ”ប៉ារបស់ខ្ញុំ លោក នាង សុវ៉ាត បានទទួលមរណភាពកាលពីព្រឹកមិញវេលាម៉ោង ៧.១៨នាទី បន្ទាប់ពីសម្រាកព្យាបាលជម្ងឺរលាកស្រោមខួរ អស់រយ:ពេលជាងមួយខែ។ ដោយម្តាយខ្ញុំកំពុងរវល់ និងមិនសូវស្រួលខ្លួនផង មិនអាចទូរស័ព្ទជម្រាបជូនមិត្តៗប៉ាបានច្រើន នាងខ្ញុំសូមជូនជ្រាប និងសូមអភ័យទោស។ ពិធីបញ្ចុះសពនឹងរៀបចំនៅថ្ងៃស្អែកម៉ោង៩ព្រឹក នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម”។
នេះគឺជាដំណឹងដ៏ក្រៀមក្រំបំផុតដែលពិធីការិនីអ្នកនាង ឌីជេ ណាណា បាត់បង់លោកឪពុកជាទីស្រលាញ់ ទៅគ្មានថ្ងៃវិលត្រឡប់។ ក្រោយពីឃើញបែបនេះមហាជនជាច្រើនបង្ហាញអារម្មណ៍ក្តុកក្តួល ព្រមទាំងចូលរួមរំលែកទុក្ខ និងសូមឲ្យវិញ្ញាណក្ខន្ធលោកឪពុករបស់អ្នកនាងបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទដោយ៖ លក្ខិណា