ភ្នំពេញ៖ដើម្បីកុំឲ្យមានការរីករាលដាលជំងឺកូវីដ១៩ រលកទី២ កើតឡើង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរម្លឹកបន្ថែម ឲ្យមានទឹកអាល់កុល ជែលលាងដៃ ឬសាប៊ូលាងដៃ នៅតាមមាត់ច្រកចេញចូលអគារ សម្រាប់កម្មករ និងយោជិតលាងសម្អាតដៃមុនពេលមុនពេលចូលក្នុងរោងចក្រ សហគ្រាស។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ។
ជាមួយគ្នានោះ ក្រសួងក៏បានប្រាប់ឲ្យមានការវាស់កម្តៅគ្រប់បុគ្គលទាំងអស់ មុនពេលអនុញ្ញាតឲ្យចូលក្នុងបរិវេណរោងចក្រ សហគ្រាស ជាពិសេសអគារផលិតកម្ម និងត្រូវអនុញ្ញាតឲ្យកម្មករ និយោជិត ទៅពិគ្រោះយោបល់ជាមួយពេទ្យ ឬអ្នកជំនាញប្រសិនកម្មករ និយោជិតណាម្នាក់មានរោគសញ្ញាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានកម្តៅខ្លួនលើសពី៣៧,៥ អង្សា។
មួយវិញទៀត ត្រូវរៀបចំបម្រុងម៉ាស់ឲ្យបានគ្រប់គ្រាន់ សម្រាប់បើកផ្តល់ដល់កម្មករនិយោជិត តាមវេជ្ជបញ្ជារបស់ពេទ្យ អាស្រ័យលើស្ថានភាពសុខភាព និងស្ថានភាពទូទៅរបស់កម្មករ និយោជិតម្នាក់ៗ។ រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឬលេខទូរស័ព្ទណាមួយ ដែលផ្តល់ដោយក្រសួងសុខាភិបាល ប្រសិនបើមានជនណាម្នាក់ មានកម្តៅខ្លួនលើស ៣៧,៥អង្សា៕ ដោយ៖ ប៊ុនធឿន