ក្រសួងការពារជាតិរុស្ស៊ី បានជ្រើសរើសអ្នកស្ម័គ្រចិត្ត សម្រាប់ការសាកល្បងវ៉ាក់សាំង ប្រឆាំងនឹងកូវីដ១៩ ហើយអ្នកស្ម័គ្រចិត្តទាំងនោះ នឹងត្រូវជ្រើសរើសចេញពីកងទ័ព នៅតាមអង្គភាពនានា នៅទូទាំងប្រទេសរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ថា កងទ័ពចំនួន៥០នាក់ បានស្ម័គ្រចិត្តចូលរួមការធ្វើតេស្ដសាកល្បងវ៉ាក់សាំង ប្រឆាំងនឹងកូវីដ១៩នេះ។ ក្នុងចំណោមអ្នកស្ម័គ្រចិត្តទាំងនោះ មានកងទ័ពជាស្រ្ដី ចំនួន៥នាក់ និងបុរស ចំនួន៤៥នាក់។ នេះក៏ជាការធ្វើសាកល្បង អំពីសុវត្ថិភាព និងប្រសិទ្ធភាព នៃវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩។ អ្នកស្ម័គ្រចិត្តទាំងនេះ នឹងត្រូវឆ្លងកាត់ការប្រឡង និងការធ្វើតេស្ដបឋម។ ប៉ុន្ដែពួកគេមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺអ្វី ក្នុងរយៈពេលមួយខែនេះ។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា អ្នកស្ម័គ្រចិត្តទាំងនោះ នឹងត្រូវជ្រើសរើស ចេញពីអង្គភាពនានា នៅទូទាំងប្រទេសរុស្ស៊ី។ រីឯក្រុមដំបូង នឹងមកដល់វិទ្យាស្ថានពិសេស នៅមជ្ឈមណ្ឌលវិទ្យាស្ថានស្រាវជ្រាវលេខ ៤៨ នៃក្រសួងការពារជាតិរុស្ស៊ី ដើម្បីពិនិត្យសុខភាពឱ្យបានហ្មត់ចត់ និងត្រៀមសម្រាប់ការពិសោធន៍។
លោក រីណាត ម៉ាកស៊ីយូតូវ (Rinat Maksyutov) ប្រធានមជ្ឈមណ្ឌល Vector ធ្លាប់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tass ថា មជ្ឈមណ្ឌលរដ្ឋ Vector សម្រាប់ស្រាវជ្រាវមេរោគសាស្រ្ដ និង ជីវបច្ចេកវិទ្យារបស់រុស្ស៊ី មានគម្រោងសាកល្បងវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ នៅចុង ខែមិថុនា។ មជ្ឈមណ្ឌលកំពុងតែជ្រើសរើសវ៉ាក់សាំងគំរូ ដែលទទួលបានជោគជ័យ ហើយយកមកស្រាវជ្រាវបន្ថែមទៀត មុននឹងចាក់ទៅលើមនុស្ស។
នៅក្នុងអំឡុងជួបប្រជុំជាមួយនឹងលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីខែមេសា លោក ម៉ាកស៊ីយូតូវ ( Maksyutov) បានប្រកាសថា វិទ្យាស្ថានវ៉ែកទ័រ (Vector) បានរៀបចំរួចជាស្រេច សម្រាប់ចាប់ផ្ដើម នៃការសាកល្បងព្យាបាលជំងឺកូវីដ១៩ ដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល នៅក្នុងខែឧសភា។ ជាមួយគ្នានេះដែរ លោក មីខែល មូរ៉ាស្កូ (Mikhail Murashko) រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ក៏បានថ្លែង នៅពេលនោះដែរថា វ៉ាក់សាំងនេះ នឹងអាចដំណើរការសាកល្បងបាន។
លោករដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានបញ្ជាក់ថា បើតាមការអនុលោមតាមកម្មវិធី ដែលបានអនុញ្ញាតនោះ ការសាកល្បងព្យាបាល នឹងចាប់ផ្ដើម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ ការសម្រេចបែបនេះ បន្ទាប់ពីយើងទទួលបានលទ្ធផលល្អ និងមានសុវត្ថិភាពពីវ៉ាក់សាំង ក្រោយការសាកល្បងទៅលើសត្វ ទើបមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ រហូតមកដល់ពេលនេះ យើងកំពុងកំណត់ពីផែនការនេះ។
លោកប្រធានវិទ្យាស្ថាន Vector បានបញ្ជាក់ថា វ៉ាក់សាំងចំនួន២៥ប្រភេទផ្សេងៗគ្នា ត្រូវបានធ្វើតេស្ដទៅលើសត្វជាច្រើនក្បាល។ ប៉ុន្ដែក្នុងចំណោមវ៉ាក់សាំងទាំងនោះ គឺវិទ្យាស្ថានបាន ជ្រើសរើស តែវ៉ាក់សាំងដែលបានធ្វើតេស្ដប្រកបដោយជោគជ័យ ចំនួន៣ប្រភេទប៉ុណ្ណោះ៕ ប្រែសម្រួល ដោយ Nuon