ក្មេងស្រីម្នាក់បានស្រែកទ្រហោយំពីឈឺចាប់យ៉ាងខ្លាំង ក្រោយពេលប៉ូលិសបាញ់ស្ព្រៃយ៍ក្រហាយភ្នែកទៅលើរូបនាង ខណៈនាងបានចូលរួមបាតុកម្មទាមទាររកយុត្តិធម៌ដល់ជនរងគ្រោះបុរសស្បែកខ្មៅអាមេរិកម្នាក់ដែលស្លាប់ដោយសារស្នាដៃរបស់ប៉ូលិស។
វីដេអូផ្សព្វផ្សាយ នៅលើសារព័ត៌មាន Mirror កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា ក្មេងស្រីរូបនោះបានស្រែកស្លន់ស្លោថា នាងមិនអាចមើលឃើញអ្វីនោះទេ។ បន្ទាប់មកនាងត្រូវគេចាក់ស្រោចទឹកដោះគោពីលើក្បាល ដើម្បីបន្ថយការឈឺចាប់ ។ អ្នកនៅក្បែរខាងនោះ គេបាននាំគ្នាបាញ់ ឬលាបសារធាតុដែលគេដឹងថា ជាជំនួយពីការឈឺចាប់ដល់រូបនាងផងដែរ។
សូមបញ្ជាក់ថា ក្មេងស្រីរូបនោះបានចូលរួមបាតុកម្មតាមគេឯង ទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះឈ្មោះ George Floyd ដែលត្រូវប៉ូលិសសង្កត់កជាង៨នាទី រហូតដល់បាត់បង់ជីវិត នៅទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។ បុរសស្បែកខ្មៅរូបនេះ ត្រូវប៉ូលិសចាប់ខ្លួនពីបទចរាចរណ៍ក្រដាស២០ដុល្លារក្លែងក្លាយ។
បាតុកម្មនៅអាមេរិក បានអូសបន្លាយរយៈពេល៦ថ្ងៃកន្លងមកហើយ ចាប់តាំងពីការស្លាប់របស់ George Floyd ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ រហូតមក ៕ ប្រែសម្រួលដោយ៖ thach yat