វិវាទជាតិសាសន៍នៅអាមេរិក កាន់តែតានតឹងឡើងថែមមួយកម្រិតទៀត ក្រោយពេលប៉ូលិសបាញ់សម្លាប់ម្ចាស់ហាងសាច់អាំង ជាជនជាតិស្បែកខ្មៅ វ័យ៥៣ឆ្នាំម្នាក់ ។ ការបាញ់សម្លាប់ខាងលើ បានកើតឡើងក្នុងពេលដែលប៉ូលិសអាមេរិក ប្រើហិង្សា ដើម្បីបំបែកហ្វូងបាតុករ។
បុរសស្បែកខ្មៅដែលជាជនរងគ្រោះ ឈ្មោះ David McAtee ម្ចាស់ហាងលក់សាច់អាំង នៅតំបន់ West End ទីក្រុងLouisville។ បើតាមសារព័ត៌មាន CNN បានផ្សាយថា កម្លាំងប៉ូលិសអាមេរិកបានបាញ់សម្លាប់បុរស ស្បែកខ្មៅខាងលើ នៅក្នុងពេលកំពុងតែព្យាយាម និងបំបែកក្រុមបាតុករ ។
ប៉ូលិតក្នុងទីក្រុង Louisvilleរដ្ឋ Kentucky ត្រូវបានដកហូតតំណែងក្រោយពេលប៉ូលិស២នាក់ផ្ទុះអាវុធ បាញ់សម្លាប់ បុរសស្បែកខ្មៅដែលជាម្ចាស់ហាង ក្នុងពេលបំបែកហ្វូងបាតុករ ។
នៅក្នុងសន្និសីទកាសែត ក្រោយហេតុការខាងលើកើតឡើង លោក Robert Schroederស្នងការប៉ូលិស ក្នុងតំបន់បានឲ្យដឹងថា យើងបាត់បង់មនុស្សដ៏ល្អ ។ កម្លាំងទាហានក៏បានបញ្ជូនទៅកាន់ទីនោះដើម្បីបំបែកហ្វូងបាតុករ ។
ប៉ូលិសពីរនាក់ដែលបានដកហូតតំណែង គឺបានបំពានច្បាប់ ដោយមិនពាក់ម៉ាស់ និងមានដំណើរការកាមេរ៉ា ដែលបានបំពាក់នៅលើក្បាល ។ អភិបាលរដ្ឋ Kentucky លោកAndy Beshea បានបញ្ជាក់ថា នឹងបើកការស្រាវជ្រាវពីករណីខាងលើ។
នៅពេលនេះដែរ ក្រុម FBI បានសហការជាមួយមន្ត្រីក្នុងតំបន់ ក្នុងការស្រាវជ្រាវទៅលើការបាញ់ប្រហារសម្លាប់ជនជាតិស្បែកខ្មៅខាងលើ ក្នុងពេលដែលប្រទេសជាតិកំពុងតែផ្ទុះការតវ៉ារឿង ប្រឆាំងនងរើសអើងជាតិសាសន៍៕ ប្រែសម្រួលដោយ៖ MEO