
នៅថ្ងៃទី២ ខែមិថុនាប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា អតីតអ្នកគ្រប់គ្រងក្រុម BLACKPINK និងជានិយោជិកចាស់របស់ផលិតកម្ម YG Entertainment ដែលត្រូវបានគេស្គាល់ថា “A” ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីបានឆបោកទៅលើ Lisa ចំនួនទឹកប្រាក់ប្រមាណជា ១ពាន់លានវ៉ុន (~៨០០ ០០០ដុល្លារ) ។
តាមរបាយការណ៍ អតីតអ្នកចាត់ការឈ្មោះ A បានប្រាប់ Lisa ថា ពួកគេនឹងស្វែងរកឱកាសទិញអចលនៈទ្រព្យ ហើយបានស្នើសុំនាងចំនួន ១ពាន់លានវ៉ុន។ បណ្តាញសារព័ត៌មានផ្សេងៗបាននិយាយថា A គឺជាបុគ្គលិកដែលបំរើការងារយូរអង្វែងរបស់ផលិតកម្ម YG និងជាអ្នកគ្រប់គ្រងក្រុម BLACKPINK ចាប់តាំងពីក្រុមនេះបានបង្កើត។
ឆ្លើយតបនឹងរបាយការណ៍ខាងលើនេះផលិតកម្ម YG Entertainment បានបញ្ជាក់ថា បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងយើងបានដឹងថា Lisa ត្រូវបានបោកប្រាស់ដោយអតីតអ្នកគ្រប់គ្រងឈ្មោះ A ។ អ្នកគ្រប់គ្រងឈ្មោះ A បានសងចំណែកមួយនៃបំណុលរបស់ពួកគេហើយនឹងសងចំនួននៅសល់នៃចំនួននោះ ហើយបច្ចុប្បន្ននេះ A ក៏លែងជាបុគ្គលិករបស់ផលិតកម្មទៀតដែរ។
រូបតំណាង
យើងសុំទោសចំពោះការធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្នកគាំទ្រជាច្រើនដែលស្រឡាញ់សិល្បកររបស់យើង។ ទន្ទឹមនឹងនេះ Lisa សមាជិកក្រុម BLACKPINK ត្រូវបានអ្នកគាំទ្រ K-Pop ស្គាល់ថាជាសិល្បករបរទេសដំបូងគេដែលបានបង្ហាញខ្លួនជាក្នុងផលិតកម្ម YG Entertainment របស់ប្រទេសកូរ៉េ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop