(ភ្នំពេញ)៖ រហូតដល់ម៉ោង ៨:៣០ព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នេះ ពុំរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ (Covid-19) ឡើយ ខណៈអ្នកជាសះស្បើយមាន ១២៣នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាល មានចំនួន ២នាក់ ដែលជាករណីឆ្លងថ្មីក្នុងរលកទី២។
តាមការលើកឡើងរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (CDC) បានឱ្យដឹងថា ជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាត ដ៏ខ្លាំងក្លានៅឡើយ។
ករណីនេះ រដ្ឋាភិបាល នៅតែបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា និងឈរជជែកគ្នាគម្លាតពីគ្នាជាដើម។
សូមជម្រាបថា ប្រទេសកម្ពុជា បានរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ មានអ្នកឆ្លងសរុប ១២៥នាក់ មានស្រ្តីចំនួន ៣៩នាក់ និងបុរស ៨៦នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា) ។ ក្នុងនោះ កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១២២នាក់ ក្នុងរលកទី១។ ចំណែករលកទី២ គឺមានចំនួន ៣នាក់បន្ថែមទៀតលើជនជាតិខ្មែរទាំងអស់ គិតចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ និងបានព្យាបាលជាសះស្បើយស្រីជនជាតិខ្មែរ ១នាក់ នៅរាជធានីភ្នំពេញ ក្រោយពីត្រឡប់មកពីសហរដ្ឋអាមេរិកវិញ៕