Ice Universe ដែលជាអ្នកបញ្ចេញព័ត៌មានបែកធ្លាយអំពីផលិតផល Samsung ជាញឹកញាប់ បានចែករំលែកអំពី File រូបភាពមួយ ដែលអាចធ្វើឲ្យស្មាតហ្វូនមួយចំនួនជាពិសេសម៉ូដែល Samsung ត្រូវខូចប្រើការលែងកើត។ ពេលដែលកំណត់រូបភាពមួយសន្លឹកនោះជា Wallpaper វានឹងធ្វើឲ្យទូរសព្ទគាំង ហើយអេក្រង់នឹងមានការបិទ/បើកជាបន្តបន្ទាប។ ទោះបីជា Reboot ទូរសព្ទក៏មិនអាចដោះស្រាយបញ្ហានេះបានដែរ ពោលពេល Reboot រួចវានៅតែដូចដើម។
ក្រុមការងារ 9to5Google បានសាកល្បងកំណត់រូបភាពនេះលើ Google Pixel 2 របស់ពួកគេ ដែលបង្ហាញលទ្ធផលមកច្បាស់ៗថាពិតជាអាចធ្វើឲ្យទូរសព្ទគាំងពិតមែន។ គួរបញ្ជាក់ថាពេលរក្សាទុករូបភាពក្នុងទូរសព្ទធម្មតាគឺមនមានបញ្ហានោះទេ ប៉ុន្តែពេលកំណត់ជា Wallpaper ចាប់ផ្ដើមបង្កបញ្ហាតែម្ដង។ ចំពោះមូលហេតុដែលរូបភាពនេះអាចបង្កជាបញ្ហាបាន គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕