ចន្លោះប្រហោងធំមួយទាក់ទងនឹងមុខងារ Sign in with Apple អាចឲ្យជនខិលខូច ចូលទៅកាន់គណនីអ្នកប្រើប្រាស់របស់សេវាកម្មដែលជាដៃគូរបស់ Apple។ ចន្លោះប្រហោងនេះត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវជនជាតិឥណ្ឌាឈ្មោះ Bhavuk Jain ដែលរូបគេបានរាយការណ៍បញ្ហានេះតាមរយៈកម្មវិធីស្វែងរកចន្លោះប្រហោងរបស់ Apple។ ក្រោយពី Jain រាយការណ៍អំពីចន្លោះប្រហោងនេះ Apple បានដោះស្រាយវារួចរាល់ ហើយបានផ្ដល់ប្រាក់រង្វាន់ ១០ម៉ឺនដុល្លារ ដល់ Jain ផងដែរ។
Apple និយាយថាខ្លួនបានធ្វើការស៊ើបអង្កេតរួច ដោយឃើញថាចន្លោះប្រហោងនេះមិនបានធ្វើឲ្យលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់នោះទេ។ Apple បានបង្ហាញចេញមុខងារ Sign in with Apple ក្នុងកម្មវិធី WWDC កាលពីឆ្នាំ ២០១៩។ មុខងារនេះអាចឲ្យអ្នកប្រើប្រាស់ Apple ធ្វើការ Sign in ចូលក្នុងសេវាកម្មផ្សេងដោយប្រើប្រាស់នូវ AppleID និងអាច Login ដោយប្រើប្រាស់ Face ID និង Touch ID ផងដែរ។ ចំណុចលេចធ្លោមួយរបស់មុខងារនេះគឺវាអាចឲ្យអ្នកប្រើប្រាស់លាក់អាសយដ្ឋានអ៊ីមែលពីសេវាកម្មនានាបាន៕