ហាង Apple Store ជាច្រើនកន្លែងនៅសហរដ្ឋអាមេរិក បានក្លាយជាគោលដៅរបស់ជនឆ្លៀតឱកាសដែលចូលរួមក្នុងការបាតុកម្មទាមទារយុត្តិធម៌ឲ្យ George Floyd ដែលបានស្លាប់យ៉ាងវេទនា ព្រោះប៉ូលិសក្រុង Minneapolis។
ហាង Apple Store មិនត្រឹមតែរងការបំផ្លិចបំផ្លាញនោះទេ ប៉ុន្តែទំនិញដែលដាក់តាំងបង្ហាញក៏ត្រូវបានជនឆ្លៀតឱកាសប្រមូលយកខ្ទេចផងដែរ។ ក្រោយកើតមានរឿងហេតុនេះ អ្នកប្រើអ៊ីនធឺណិតងឿងឆ្ងល់ថា Apple អាចនឹងធ្វើបែបណាជាមួយទំនិញដែលបាត់ទៅ ជាពិសេស iPhone។
បើផ្អែកតាម Apple Insider បានឲ្យដឹងថាផលិតផល Apple ទាំងអស់គឺមានបំពាក់នូវ Software ពិសេស ដែលអនុញ្ញាតឲ្យឧបករណ៍ដំណើរការបានប្រសិនបើវាស្ថិតនៅក្នុងហាង Apple Store។ ប្រសិនបើត្រូវលួចពីហាង Apple Store ទៅ Sensor លើ iPhone នឹងអាចដឹងថា iPhone ស្ថិតនៅក្រៅហាង ហើយវានឹងធ្វើការ Disable មិនឲ្យប្រើប្រាស់បាន។ បន្ថែមពីនេះគេអាចដឹងពីទីតាំងរបស់ iPhone ដែលបាត់ ហើយទីតាំងនេះនឹងត្រូវផ្ញើជូនសមត្ថកិច្ចក្នុងតំបន់។
គួរដឹងថា Apple បានសម្រេចចិត្តបិទជាបណ្ដោះអាសន្ននូវហាងជាច្រើនកន្លែងនៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ដើម្បីការពារបុគ្គលិកលក់រាយរបស់ខ្លួនពីជនឆ្លៀតឱកាស៕