ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានផ្សាយ នៅរសៀល ថ្ងៃទី១ ខែមិថុនា ថា លោក ដូណាល់ ត្រាំ ត្រូវបានកងការពារជម្លៀសខ្លួន ចូលកាន់បន្ទប់ក្រោមដី នៅក្នុងសេតវិមាន កាលពីល្ងាច ថ្ងៃទី២៩ ខែឧសភា ក្រោយមានការប៉ះទង្គិចគ្នា ដោយហិង្សា រវាងក្រុមបាតុករ និងទីភ្នាក់ការងារសម្ងាត់ នៅខាងក្រៅវិមានប្រធានាធិបតី។
បើតាមសារព័ត៌មាន New York Times បានផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ត្រូវបានកងការពារជម្លៀសខ្លួន ចូលទៅក្នុងបន្ទប់ក្រោមដី នៅក្នុងសេតវិមាន ក្រោយក្រុមបាតុករទាមទារឲ្យបើករបាំងការពារច្រកទា្វរសេតវិមាន។ ប៉ុន្ដែលោកប្រធានាធិបតី បានចូលទៅក្នុងបន្ទប់ក្រោមដី អស់រយៈពេលមួយម៉ោង ហើយក៏ចេញមកវិញ។
ទោះជាយ៉ាងណា លោកជំទាវទី១ Melania Trump និង លោក Barron កូនប្រុសរបស់លោកប្រធានាធិបតី មិនត្រូវបានគេបញ្ជាក់ថា ពួកគាត់បានទៅតាមលោក ត្រាំ នោះឡើយ។ ការផ្ទុះបាតុកម្ម រហូតក្លាយជាអំពើហិង្សា នៅតាមទីក្រុង និងរដ្ឋជាច្រើន នៅអាមេរិក នោះ បានកើតឡើង ក្រោយពេលមានការបែកធ្លាយនូវវីដេអូពីសកម្មភាពរបស់ប៉ូលិស ធ្វើទៅលើ George Floyd បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា។
បើតាមសារព័ត៌មាន AP បានផ្សាយថា ការផ្ទុះបាតុកម្មហិង្សាទាមទារយុត្ដិធម៌ បានបណ្ដាលឲ្យមានការចាប់ខ្លួនបាតុករ ប្រហែលជិត១៧០០នាក់ នៅក្នុងរយ:ពេលប៉ុន្មានថ្ងៃមកនេះ៕ ប្រែសម្រួលដោយ Nuon