ក្រុម Real Madrid ទំនងជាមិនចំណាយប្រាក់ដើម្បីទិញយកកីឡាករថ្មីមករួមក្រុមទេនៅរដូវក្ដៅខាងមុខនេះ ដោយសារតែពួកគេក៏កំពុងជួបបញ្ហាហិរញ្ញវត្ថុដោយសារ Covid-19 ដែរ។
Covid-19 បានធ្វើឱ្យក្រុម Real Madrid ក៏ដូចជាក្លឹបដទៃទៀតខាតបង់ជាច្រើន ព្រោះមិនមានការប្រកួត ហើយផ្អាកគ្រប់សកម្មភាពទាំងអស់។ ខណៈដែលការត្រលប់មកលេងបាល់ទាត់បានវិញនេះទៀត ក៏តម្រូវឱ្យលេងទាំងគ្មានអ្នកគាំទ្រចូលទស្សនា ដូច្នេះការលក់សំបុត្រ និងអ្វីផ្សេងៗទៀតក៏មិនទទួលបានប្រាក់ដូចគ្នា។
ការគ្មានចំណូលនេះហើយ ទើបបានជាក្រុម Real Madrid ទំនងជាមិនចំណាយប្រាក់ដើម្បីទិញកីឡាករថ្មីនោះទេ។ ពួកគេអាចនឹងរក្សាប្រាក់ក្នុងកុងធនាគាររបស់ខ្លួន ដើម្បីបើកប្រាក់ឈ្នួលឱ្យកីឡាករដែលមានស្រាប់វិញ ឬក៏នាំយកកីឡាករដែលគេខ្ចីជើងមករួមក្រុមក៏ថាបាន។ បច្ចុប្បន្ននេះ យុវជនឆ្នើមៗរបស់ Real Madrid ជាច្រើនកំពុងដាក់ឱ្យគេខ្ចីជើង ហើយរដូវកាលក្រោយ ពួកគេអាចនឹងត្រលប់មកជួយក្រុមវិញបានហើយ៕