រដ្ឋាភិបាលកាណាដាបានចំណាយប្រាក់រាប់សិបលានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍ ក្នុងស្រុក ខណ:កូវីដ១៩កំពុងតែរាលដាលយ៉ាងខ្លាំង។ បច្ចុប្បន្នកាណាដាមានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ទៅ៩០ ៩៤៧ ករណី ក្នុងនោះមានអ្នកស្លាប់៧២៩៥នាក់។
រដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចកាណាដា លោក Melanie Joly កាលពីថ្ងៃទី៣១ ខែឧសភា បានប្រកាសចំណាយប្រាក់ រហូតដល់ទៅ៣០លានដុល្លារ ដើម្បីទាក់ទាញអ្នកទេសចរក្នុងស្រុក សម្រាប់ជួយដល់វិស័យសេដ្ឋកិច្ចប្រទេសនេះដំណើរការឡើងវិញ។ ទឹកប្រាក់ទាំងនោះ នឹងជួយដល់វិស័យទេសចរណ៍ឲ្យដំណើរការទេសចរណ៍របស់ខ្លួន ដោយប្រុងប្រយ័ត្ន និងមានវិធានការទប់ស្កាត់ការឆ្លងកូវីដ១៩។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលបារាំងបានស្នើដល់ប្រទេសតំបន់អឺរ៉ុប បើកព្រំដែនដំណើរការវិស័យទេសចរណ៍ ក្នុងតំបន់ដោយមិនចាំបាច់កាត់ផ្តាច់ រយ:ពេល១៤ថ្ងៃ។ បារាំង បានស្នើបើក ព្រំដែនសម្រាប់ប្រទេសក្នុងសហគមន៍អឹរ៉ុប ចាប់ពីថ្ងៃទី១៥ ខែមិថុនា ប៉ុន្តែមិនទាន់ទទួលបានការឯកភាព ពីប្រទេសក្នុងតំបន់នៅឡើយ។
នាយករដ្ឋមន្ត្រីបារាំង លោក Édouard Philippe ពេលថ្មីៗនេះ បានអំពាវនាវដល់ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបរួមគ្នា បើកព្រំដែន ដើម្បីជួយដល់វិស័យសេដ្ឋកិច្ចក្នុងតំបន់ឱ្យល្អប្រសើរឡើងវិញ ជាពិសេស គឺវិស័យទេសចរណ៍។ ប៉ុន្តែគម្រោងបើកទ្វារព្រំដែន ត្រូវបានប្រទេសមួយចំនួន មិនយល់ព្រម ជាពិសេស គឺប្រទេសដែលមានករណីឆ្លងកូវីដ-១៩តិច ដោយសារខ្លាចរលកឆ្លងកូវីដជាលើកទីពីរ៕ ប្រែសម្រួលដោយ៖ MEO