យោងតាមសារព័ត៌មាន AMN បានដកស្រង់ពីសារព័ត៌មានរុស្ស៊ី Avia យកមកចុះផ្សាយថា រហូតមកដល់ពេលនេះ កងទ័ពស៊ីរី នឹងមានសមត្ថភាព អាចបាញ់ទម្លាក់យន្ដហោះចម្បាំងរបស់បច្ចាមិត្ត ប្រភេទ F-16 ផលិតដោយអាមេរិក ចូលមកក្នុងដែនដីរបស់ខ្លួនបាន។
ប្រភពព័ត៌មានដដែល បានបន្ដថា ថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ កងទ័ពស៊ីរី អាចក្លាយជាប្រទេស នៅក្នុងតំបន់មជ្ឈិមបូព៌ា មានយន្ដហោះចម្បាំងដ៏ទំនើប ក្រោយពេលទទួលបានយន្ដហោះ MiG-29 ជាច្រើនគ្រឿង ជាពិសេសយន្ដហោះទំនើបជំនាន់ថ្មី។ យន្ដហោះប្រភេទនេះ ក៏អាចមានសមត្ថភាព ទប់ទល់នឹងយន្ដហោះចម្បាំង F-16 ផងដែរ។
យោងតាមអ្នកវិភាគរបស់ Avia បានឲ្យដឹងថា ខណ:នេះ កងទ័ពស៊ីរី មិនមានអ្វី សម្រាប់ប្រឆាំងនឹងកាំភ្លើងទំនើបៗរបស់កងទ័ពអ៊ីស្រាល។ ប៉ុន្ដែនៅពេល គេមានយន្ដហោះដ៏មានឥទ្ធិពលនោះ វានឹងធ្វើឲ្យកម្លាំងសត្រូវនឹងគិតឡើងវិញទ្វេដង អំពីការវាយប្រហារមកលើប្រទេសអារ៉ាប់មួយនេះ។
ប្រភពដដែល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រុស្ស៊ីបានបញ្ជូនយន្ដហោះចម្បាំង ប្រភេទ Mig-19 ជាច្រើនគ្រឿង ទៅឲ្យប្រទេសស៊ីរី។ តាមរយ:ការផ្ដល់គ្រឿងចម្បាំងដ៏ទំនើបនេះ វានឹងជួយឲ្យកងទ័ពស៊ីរី មានកម្លាំងខ្លាំងក្លា អាចទប់ទល់នឹងសត្រូវរបស់ស៊ីរីបាន៕ ប្រែសម្រួល ដោយ Nuon