Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជា ជា​ប្រទេស​ខ្លាំង​ទប់ស្កាត់កូវីដ ១៩ ធៀប​ជាមួយ​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ាន

ភ្នំពេញ៖ ក្រឡេក​ទៅ​មើល​ស្ថានភាព​រាតត្បាត​កូវីដ ១៩ ជុំ​វិញ​ពិភពលោក នៅ​មិន​ទាន់​ស្ងប់​ស្ងាត់​នៅ​ឡើយ​ទេ ដោយ​បណ្តា​ប្រជាជាតិ​នៅ​អាមេរិក​ឡាទីន កំពុង​ធ្លាក់​ផុង​ជ្រៅ​ក្នុង​វិបត្តិ​នេះ ជាក់​ស្តែង​ប្រេស៊ីល បាន​ក្លាយ​ជា​ប្រទេស​ឆ្លង​ច្រើន​បំផុតទី២ និង​ស្លាប់​ច្រើន​បំផុត​ទី៤ លើ​ពិភពលោក។

បើ​ក្រឡេក​មក​មើល​ស្ថានភាព​ក្នុង​តំបន់​អាស៊ាន​ឯណេះ​វិញ ស្ថានភាព​រាតត្បាត​ហាក់​មើល​ទៅ​ស្ងប់​ស្ងាត់​បន្តិច ប៉ុន្តែ​មិន​មែន​គ្មាន​ករណី​ថ្មី​នោះ​ដែរ គ្រាន់​តែ​ភាគ​ច្រើន គឺ​ឆ្លង​តាម​រយៈ​ការ​នាំ​ចូល។

បើ​ធៀប​បណ្តា​ប្រជាជាតិ​អាស៊ាន​ទាំង​អស់ ចាប់​ផ្តើម​ពី​ផ្ទុះ​រាតត្បាត​ជំងឺកូវីដ ១៩ មក កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ ប៉ុន្តែ​បែរ​ជា​ត្រូវ​ទទួល​ស្គាល់​ពាស​ពេញ​ពិភពលោក ជា​ខ្លាំង​មួយ​ទាំង​ការ​ទប់​ស្កាត់ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​ក្នុង​តំបន់។

យោង​តាម​របាយការណ៍​ពី Worldometers.info ដែល​ជា​ភ្នាក់​ងារ​បុត្រ​សម្ព័ន្ធ​របស់​ភ្នាក់​ងារ​ប្រមូល​ទិន្និន័យ​ឌីជីថល​ធំ​បំផុត​មួយ​លើ​លោក Alexa គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​ដើមសប្តាហ៍​នេះ ក្នុង​ចំណោម​ប្រជាជាតិ​ទាំង ១០ របស់​អាស៊ាន សឹង្ហបុរី ជា​ប្រទេស​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ច្រើន​បំផុត​ក្នុង​តំបន់ ដោយ​ឆ្លង​សរុបជិត ៣៥ ០០០នាក់ ស្លាប់ ២៣នាក់ ឥណ្ឌូនេស៊ីឈរ​នៅ​លេខ​រៀង​ទី២ មាន​ឆ្លង​ជាង ២៦ ០០០នាក់ ស្លាប់ ១ ៦១៣នាក់ រីឯ​ហ្វីលីពីន ដែលឈរ​នៅ​លេខ​រៀង​ទី ៣ មាន​ឆ្លង​សរុប​ជាង ១៨ ០០០នាក់ ស្លាប់ ៩៥៦​នាក់ ខណៈ​កម្ពុជា ឈរ​នៅ​ពី​លើ​តែ​ប្រទេស​ឡាវ​តែ​មួយ​គត់ គឺ​លេខ​រៀង​ទី ៩ ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ដោយ​​មាន​ករណី​ឆ្លង ១២៥នាក់ ហើយ​ឡាវ​រក​ឃើញ​ត្រឹម ១៩​ករណី ស្របពេល ម៉ាឡេស៊ី ថៃ វៀតណាម ភូមា សូម្បី​តែ​ប្រ៊ុយណេ សុទ្ធមាន​ច្រើន​ជាង​កម្ពុជា​ផង​ដែរ។

ដោយ​ឡែក សម្រាប់​ចំនួន​អ្នក​ជា​សះ​ស្បើយ​ឯណេះ​វិញ កម្ពុជា​នៅ​តែ​ខ្លាំង​ជាង​បណ្តា​ទាំង ៩ ក្នុង​តំបន់ ដោយ​គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ ក្នុង​ចំណោម​អ្នក​ឆ្លង​កូវីដ​ទាំង ១២៥នាក់ កម្ពុជា​មាន​ជាសះស្បើយ ១២៣នាក់ និង​សល់​តែ ២នាក់​ប៉ុណ្ណោះ កំពុង​សម្រាក​ព្យាបាល ហើយ​ក៏​គ្មាន​ករណី​ស្លាប់​ដែរ នាំ​ឲ្យ​កម្ពុជា​ត្រូវ​ចាត់​ទុក​ជា​ប្រទេស​មាន​អ្នក​ផ្ទុក​មេរោគ​កំណាច​នេះ​តិច​បំផុត​ក្នុង​តំបន់​នៅ​ពេល​នេះ ស្រប​ពេល​ដែល​ឡាវ មាន​អ្នក​ឆ្លង​សរុប​ត្រឹម ១៩នាក់ មក​ទល់​ពេល​នេះ នៅ​តែ​មាន ៣នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​ឡើយ។

អាស្រ័យ​លើ​កិច្ច​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ ក៏​ដូច​ជា​ការ​ប្រុង​ប្រយ័ត្ន​ពីសំណាក់​ប្រជាពលរដ្ឋ​គ្រប់​តំបន់ ជា​ហេតុ​ផល​តែ​មួយ​គត់​ជួយកម្ពុជា​អាច​រក្សា​ស្ថានការណ៍​បាន​យ៉ាង​ល្អ និងទទួល​ការ​សរសើរពី​សំណាក់​បណ្តា​ប្រជាជាតិ​ជាច្រើន ពិសេស​អង្គ​ការ​សុខភាព​ពិភពលោក​តែ​ម្តង។

ជាក់​ស្តែង​កាល​ពីថ្ងៃ ១១ ឧសភា កន្លង​មក លោក Tedros Adhanom ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សម្តែង​ការ​កោត​សរសើរ​រាជរដ្ឋាភិ​បាលក​ម្ពុជា ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ ១៩ ព្រម​ទាំង​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ភាព​ជា​អ្នក​ដឹកនាំ​នយោបាយ ​ការ​ចូល​រួម តួនាទី​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​ជា​អន្តរជាតិ​ដូច​គ្នា។

ទោះ​ជា​ស្ថានភាព​កូវីដ ១៩ ក្នុង​ប្រទេស ធូរស្រាល និង​មាន​លំនឹង​ក្តី ប៉ុន្តែ​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល នៅ​តែ​ទទូល​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ រក្សា​អនាម័យ គម្លាត​សង្គម ពាក់​ម៉ាស់​គ្រប់​ពេល​ធ្វើ​ដំណើរ​នៅ​ខាង​ក្រៅ ដើម្បី​ជួយ​ខ្លួន​យើង និង​ក្រុម​គ្រួសារ​ចៀស​ផុត​ពី​ការ​ឆ្លង​រាតត្បាត​កូវីដ ១៩ រលក​ទី ២ ដែល​នឹង​ចូល​មក​ដល់​នាពេល​ឆាប់ៗ​ខាងមុខ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9294059