អ្នកជំងឺកូវីដ១៩ នៅជុំវិញពិភពលោក រហូតមដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានជាសះស្បើយជាង ២ ៨៤៦ ៥២៣ នាក់ ។ នេះបើតាមការបញ្ជាក់របស់ប្រភព Worldometers.info ។
ប្រភពបន្តថា វីរុសនេះ បានឆ្លងលើមនុស្សជាង ៦ ២៦២ ៨០៥ នាក់ ក្នុងនោះបាត់បង់ជីវិតកើនដល់ ៣៧៣ ៨៥៥ នាក់ នៅជុំវិញពិភពលោក ។
គួរបញ្ជាក់ថា ជំងឺកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19) បានផ្ទុះឡើងដំបូងគេ នៅខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល ប្រទេសចិន ។
ប្រភព Wikipedia បានអះអាងថា ជំងឺនេះបានរាតត្បាត និងឆ្លងនៅលើដែនដី និងប្រទេសសរុប ២២៩ នៅជុំវិញពិភពលោក គិតមកត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។
ប្រភពបញ្ជាក់ថា អាមេរិក ជាប្រទេសរងគ្រោះធ្ងន់ជាងគេ មានអ្នកឆ្លងកូវីដ១៩ ជាង ១,៨ លាននាក់ ក្នុងនោះបាត់បង់ជីវិត ១០៥ ៥០៥ នាក់ និង ៣៩៦ ៩៤៥ នាក់បានជាសះស្បើយ ។
ប្រេស៊ីល ជាប្រទេសរងគ្រោះ បន្ទាប់ពីអាមេរិក មានអ្នកឆ្លងសរុប ៥០៥ ៤៨៧ នាក់ ក្នុងនោះបាត់បង់ជីវិត ២៩ ០១៣ នាក់ និង២០០ ៨៩២ នាក់បានជាសះស្បើយ ។
រុស្ស៊ី ជាប្រទេសរងគ្រោះទី៣ មានអ្នកឆ្លងសរុប ៤០៥ ៨៤៣ នាក់ ក្នុងនោះបាត់បង់ជីវិត ៤ ៦៩៣ នាក់ និង១៧១ ៨៨៣ នាក់ បានជាសះស្បើយវិញផងដែរ ។
គួរជម្រាបថា រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក ឬ WHO មិនទាន់ប្រកាសថា មានថ្នាំព្យាបាល ឬវ៉ាក់សាំង ប្រឆាំងនឹងវីរុសកូវីដ១៩ ពិតប្រាកដនៅឡើយ។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ ក្រុមស្រាវជ្រាវជីវបច្ចេកវិទ្យា Sinovac មូលដ្ឋាន នៅទីក្រុងប៉េកាំង អះអាងថា ចិនបាននិងកំពុងធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩នេះ ហើយលទ្ធផល មានប្រសិទ្ធភាពខ្ពស់៩៩ភាគរយ ។ ការធ្វើតេស្តនោះធ្វើឡើងទៅលើសត្វស្វា ៕ ប្រែសម្រួលដោយ៖ thach yat