ខ្សែការពារ David Alaba បានបញ្ជាក់ថា ក្លិប Bayern Munich នឹងចុះកុងត្រាថ្មីជាមួយខ្លួនរយៈពេល ៥ឆ្នាំ បន្ថែមទៀតនៅពេលឆាប់ៗខាងមុខនេះ។ កុងត្រាខ្សែការពារសញ្ជាតិអូទ្រីសជាមួយក្លិប Bayern នឹងត្រូវអស់សុពលភាពក្រោយចប់រដូវកាលនេះ ប៉ុន្តែសាមីខ្លួនបានបញ្ជាក់ថាត្រៀមរួចរាល់ហើយដើម្បីបន្តកុងត្រាថ្មីនៅពេលខាងមុខ។
កាលពីពេលថ្មីៗនេះ ក្លិប Bayern ទើបតែបន្តកុងត្រាឱ្យអ្នកចាំទី Manuel Neuer ដល់ឆ្នាំ២០២៣ ក្រោយបង្ហាញខ្លួនបានចំនួន ៣៧៥ប្រកួត ចាប់តាំងពីផ្ទេរមកពីក្លិប Schalke នៅឆ្នាំ២០១១។
Alaba បានបង្ហាញខ្លួនចំនួន ៣៣ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ឱ្យក្លិប Bayern ក្នុងរដូវកាលនេះ ហើយស៊ុតបញ្ចូលទី ២គ្រាប់ ផងដែរក្នុងនាមជាខ្សែការពារវ័យ ២៧ឆ្នាំ។
ខ្សែការពារជំនាញជើងឆ្វេងរូបនេះ ក៏ត្រូវបានគេផ្សាភ្ជាប់ថា កំពុងមានទំនាក់ទំនងជាមួយក្លិបយក្សទាំងពីររបស់អេស្ប៉ាញ គឺ Real Madrid និង Barcelona ផងដែរ ក្នុងការផ្ទេរចេញនៅរដូវក្តៅនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Goal