ការស្លាប់របស់ជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ George Floyd នៅក្នុងទឹកដីអាមេរិក បាននាំឲ្យស្ថានការណ៍កាន់តែពុះកញ្ជ្រោលខ្លាំងឡើង រហូតដល់ពេលបច្ចុប្បន្ននេះ នៅតាមទីក្រុងនានា ត្រូវបានប្រកាសដាក់ឲ្យស្ថិតនៅក្នុងច្បាប់បម្រាមគោចរពេលយប់ ។
ប្រភពព័ត៌មានពីគេហទំព័រប៊ីប៊ីស៊ីបានផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ថា នៅតាមទីក្រុងនានាទូទាំងសហរដ្ឋអាមេរិក ត្រូវបានប្រកាសឲ្យស្ថិតនៅក្នុងច្បាប់បម្រាមគោចរ ។ ទីក្រុងទាំងនោះរួមមាន ទីក្រុង មីននីប៉ូលិស (Minneapolis(, អាត្លង់តា (Atlanta), ឡូស អេនជឺឡេស (Los Angeles), ហ្វីលឡាដែលហ្វៀ (Philadelphia), ផតឡិន (Portland) និង ល្វីសវីល (Louisville) ព្រមទាំងនៅទីក្រុងដទៃផ្សេងៗទៀត ។
បាតុករជាច្រើនពាន់នាក់បានដង្ហែក្បួងបានតុកម្ម ហើយពេលខ្លះបានផ្ទុះឡើងនូវអំពើហិង្សាជាមួយកម្លាំងប៉ូលិសអាមេរិក ។ ប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងថា អំពើហិង្សានេះបង្កឡើងដោយក្រុមលួចឆក់ប្លន់ និងក្រុមអនាធិបតេយ្យ ។ លោកប្រធានាធិបតី ក៏បានព្រមានប្រើកងកម្លាំងយោធាដើម្បីបង្ក្រាប បើសិនស្ថានការមិនមានការធូរស្រាល ។ បាតុករខ្លះនៅតាមទីក្រុងផ្សេងៗបានប្រឆាំងបម្រាមគោចររបស់អាជ្ញាធរ ។
ក្រុមបាតុករបានដុតរថយន្តប៉ូលិស បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ហើយស្រែកថ្កោលទោសទង្វើអមនុស្សធម៌របស់ប៉ូលិសស្បែកសដែលបានធ្វើមកលើជនជាតិស្បែកខ្មៅ ។ បាតុករជាច្រើននាក់ត្រូវបានចាប់ខ្លួន ។
គួរបញ្ជាក់ថា ដំណើរដើមទងដែលនាំឲ្យមានរលកបាតុកម្មហិង្សាកើតឡើងរវាងហ្វូងបាតុករ និងប៉ូលិសអាមេរិក គឺបន្ទាប់ពីការបាត់បង់ជីវិតរបស់ជនសង្ស័យម្នាក់ឈ្មោះ George Floyd ជាបុរសស្បែកខ្មៅ ត្រូវបានប៉ូលិសស្បែកសអាមេរិកចាប់ដាក់ខ្នៅដៃ យកជង្គង់សង្កត់ក រហូតដល់ថប់ដង្ហើមស្លាប់ ។
កាលពីយប់ថ្ងៃទី២៥ ខែឧសភា ប៉ូលិសទីក្រុងមីននីប៉ូលិសអាមេរិកបានទទួលទូរស័ព្ទពីហាងលក់គ្រឿងទេសមួយកន្លែងថា បុរសសង្ស័យGeorge Floyd បានចាយក្រដាស់២០ដុល្លារក្លែងក្លាយ។ ប៉ូលិសបានទៅដល់និងចាប់ខ្លួនបុរសស្បែកខ្មៅ អាយុ៤៦ឆ្នាំរូបនេះ ដាក់ខ្នោះដៃញាត់ចូលក្នុងឡាន មុនពេលទម្លាក់ចេញនៅកន្លែងឃុំឃាំងរបស់ប៉ូលិស ។
នៅពេលក្រោយមក វីដេអូបានបែកធ្លាយឃើញប៉ូលិសស្បែកសឈ្មោះ Derek Chauvin អាយុ៤៤ឆ្នាំ យកជង្គង់សង្កត់កជនសង្ស័យ៨នាទីនិង៤៦វិនាទីបណ្តាលឲ្យថប់ដង្ហើមដាច់ខ្យល់ស្លាប់ទាំងដៃជាប់ខ្នោះ ។ ប៉ូលិសរូបនេះ បន្ទាប់មកត្រូវបានចាប់ខ្លួនផ្តន្ទាទោសតាមច្បាប់ ខណៈដែលប៉ូលិស៣នាក់ផ្សេងជាប់ពាក់ព័ន្ធផងដែរត្រូវបានចាប់ខ្លួន ៕ ប្រែសម្រួលដោយ៖ thach yat