ខេត្ត Tak ៖ កាលពីថ្ងៃសៅរ៍ប៉ូលិសបានចូលក្នុងផ្ទះមួយនៅក្នុងស្រុក Mae Sot ដែលជាកន្លែងលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត ហើយប៉ូលិសរឹបអូសបានឧបករណ៍លេងល្បែងជាច្រើនប្រភេទព្រមទាំងចាប់ខ្លួនបុគ្គលិកថៃនិងបរទេស ២៥នាក់។
រូបតំណាង
ដោយមានដីកាមួយដែលចេញដោយតុលាការ Mae Sot ក្រុមប៉ូលិសអន្តោប្រវេសន៍ដឹកនាំដោយលោកវរសេនីយ៍ឯក Sang Sangkom Tadso អធិការដ្ឋានគរបាលអន្តោប្រវេសន៍ខេត្តTakបានធ្វើការឆ្មក់ចូលផ្ទះនៅក្នុងភូមិមួយ ដែលស្ថិតក្នុងឃុំtambon Mae Pa ស្រុក Mae Sot។
ផ្ទះកើតហេតុត្រូវបានគេប្រើជាមូលដ្ឋានប្រតិបត្តិការសម្រាប់លេងល្បែងតាមប្រព័ន្ថអ៊ីនធឺណិត។ អាជ្ញាធរបានចាប់ខ្លួនបុគ្គលិកចំនួន ២៥នាក់ដែលក្នុងនោះ ៥នាក់ជាជនជាតិថៃ និង ២០នាក់ទៀតជាជនបរទេសដែលភាគច្រើនជាជនជាតិចិន។ បុគ្គលិកបានចែកវេនគ្នាធ្វើការចំនួន ៣វេន ដោយម្នាក់ៗធ្វើការ ៨ម៉ោងក្នុង១ថ្ងៃ។ អាជ្ញាធរបានរឹបអូសរបស់របរជាច្រើនរួមមានកុំព្យូទ័រ ៧គ្រឿង ទូរសព្ទឆ្លាតវៃ ១៤គ្រឿង ស៊ីមកាតទូរសព្ទ ២០០០ ទៅ ២៥០០ និងកាតគណនីធនាគារចំនួន៥០ ដែលមានទឹកប្រាក់សរុបប្រហែល ១០០លានបាត។
រូបតំណាង
លោកឧត្តមសេនីយ៍ឯក Sompong Chingduang ប្រធានការិយាល័យប៉ូលិសអន្តោប្រវេសន៍បានមានប្រសាសន៍ថា ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណិតបានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលនៃការរីករាលដាលវីរុសកូរ៉ូណា ដោយសារតែប្រជាជនត្រូវបានគេស្នើសុំឱ្យស្នាក់នៅក្នុងផ្ទះដើម្បីការពារខ្លួនពីការឆ្លងជំងឺ។ លោកបានបន្តថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីស្វែងរកអ្នកបើកកន្លែងលេងល្បែងនេះ លោកថែមទាំងរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេទៀតផង។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post