ភ្នំពេញ៖ សូមបងប្អូនជនរួមជាតិ បន្តយកចិត្តទុកដាក់ ថែរក្សាសុខភាពដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវ បើទោះបីពេលនេះអត្រាឆ្លងនៅក្នុងប្រទេសមានកម្រិតទាបក៏ដោយ។ នេះបើតាមហ្វេសប៊ុក សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ។
តាមរយៈហ្វេសប៊ុក សម្តេចនាយករដ្ឋមន្ត្រីបានឲ្យដឹងថា យើងមិនបានភ្លេចទេ ពីការតស៊ូលំបាកគ្រប់យ៉ាងកាលពីមុន ចាប់តាំងពីសម័យសង្គ្រាមរហូតដល់ប្រទេសមានសុខសន្តិភាព និងរីកចម្រើនមកដល់សព្វថ្ងៃ។
ឆ្លៀតឳកាសនោះ សម្តេចតេជោ បានអរគុណអ្នកដែលបានបង្ហោះរូបសម្តេច និងក្រុមគ្រួសារ ដែលបានរំលឹកពីជីវិត នឹងការតស៊ូរបស់សម្តេច ក៏ដូចជាការតស៊ូខិតខំប្រឹងប្រែងរបស់បងប្អូនជនរួមជាតិ ទម្រាំយើងបានមកដល់ដំណាក់កាលនេះ។ ដូច្នេះយើងមិនត្រូវបណោ្តយខ្លូនអោយរងគ្រោះថ្នាក់ ដោយសារតែការធ្វេសប្រហែស នឹងការមើលស្រាលចំពោះស្ថានការនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩នោះទេ។
រហូតដល់ម៉ោង ៨ និង ១០នាទីព្រឹក ថ្ងៃទី ៣១ ឧសភា ២០២០នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បញ្ជាក់ថា ពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ។ ចំនួនសរុបកូវីដ-១៩ មាន១២៥នាក់ដដែល ចំនួនសម្រាកពេទ្យនៅ២នាក់ ចំនួនជាសះស្បើយសរុបចំនួន១២៣នាក់ និងគ្មានអ្នកស្លាប់ឡើយ ៕ ដោយ៖ ប៊ុនធឿន