ប្រាសាទអង្គរវត្ត គឺជាប្រាសាទដ៏ធំមហិមារបស់ខ្មែរយើងដែលបានកសាងឡើងក្នុងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី ២ ក្នុងស.វ. ទី ១២។ ប្រាសាទនេះត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២ ។
ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ដែលអាទិទេពកំពូលក្នុងចំណោមអាទិទេពធំៗទាំងបីនៅក្នុងព្រហ្មញ្ញសាសនា។
នៅក្នុងរដូវវស្សានេះ ក្រោយពីភ្លៀងធ្លាក់ខ្លះនៅក្នុងខេត្តសៀមរាបមក ឃើញថារុក្ខជាតិតូចធំនានា ជាពិសេសគឺវាលស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត រួមផ្សំនឹងសម្រស់ដ៏ស្រស់ត្រកាលនៃផ្កាក្ងោកដែលរីកស្រស់បំព្រង បានបង្កើនសម្រស់ឲ្យប្រាសាទអង្គរវត្តដ៏អស្ចារ្យនៃយើងកាន់តែមានភាពទាក់ទាញបន្ថែមទៀត។
បច្ចុប្បន្ននេះ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរអប្សរាក្នុងការរៀបចំប្រព័ន្ធស្រោចស្រពនៅក្នុងបរិវេណនៃប្រាសាទអង្គរវត្ត យើងទាំងអស់គ្នាមានសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគត ទីធ្លាមុខប្រាសាទអង្គរវត្ត និងក្នុងបរិវេណប្រាសាទអង្គរនឹងមានពណ៌បៃតងខួបប្រាំងខួបវស្សា ហើយនឹងជួយលើកស្ទួយឲ្យសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះកាន់តែមានឈ្មោះល្បីរន្ទឺសុះសាយជុំវិញពិភពលោក ហើយវានឹងជួយរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាប្រទេសយើងកាន់តែច្រើន និងជួយសេដ្ឋកិច្ចព្រមទាំងជីវភាពរបស់ប្រជាជនយើងឲ្យមានភាពល្អប្រសើរផងដែរ។