កាលពីថ្ងៃសុក្ររដ្ឋាភិបាលថៃបានរាយការណ៍ករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ១១នាក់ ដែលពួកគេសុទ្ធតែជាជនថៃមកពីប្រទេស Kuwaitទាំងអស់។
រូបតំណាង
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថាពួកគេទាំងនោះស្ថិតក្នុងវ័យធ្វើការ និងមានអាការមិនស្រួលខ្លួនហើយមានរោគសញ្ញាស្រាល។ ចំនួនអ្នកឆ្លងក្នុងប្រទេសបានកើនឡើងដល់ ៣០៧៦នាក់។ ក្នុងចំណោមនោះ មានអ្នកជំងឺចំនួន ២៩៤៥នាក់បានជាសះស្បើយ និង៧៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ចំនួនអ្នកស្លាប់មិនមានការផ្លាស់ប្តូរទេគឺនៅចំនួន ៥៧នាក់ដដែល។
រូបតំណាង
អ្នកឆ្លងនៅទូទាំងពិភពលោកមានចំនួនសរុប ៥.៩០លាននាក់ និងមានអ្នកស្លាប់ចំនួន ៣៦២០២៤នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតចំនួន ១.៧៧ លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតចំនួន ១០៣៣៣០នាក់។ ប្រទេសថៃឈរនៅចំណាត់ថ្នាក់ទី៧៧ ក្នុងចំណោមប្រទេសដែលត្រូវបានរាតត្បាតដោយមេរោគកូវីដ-១៩ នៅទូទាំងពិភពលោក។ សហរដ្ឋអាមេរិក ប្រេស៊ីល និងរុស្ស៊ីស្ថិតជាប្រទេសឈរលើលំដាប់កំពូលដែលមានចំនួនប្រជាជនឆ្លងច្រើនជាងគេ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post