ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន១នាក់ ដែលជានិស្សិតថៃ ភេទប្រុស ទើបតែមកពីប្រទេសអារ៉ាប៊ីសាអូឌីតធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសកើនដល់ ៣០៧៧នាក់ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៧នាក់ដដែល។
វេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលមេរោគកូវីដ-១៩បានមានប្រសាសន៍ថាការឆ្លងជំងឺក្នុងស្រុកបានថយចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ដោយសារក្នុងចំណោមអ្នកឆ្លង ៥២នាក់ គឺមាន ៤៣នាក់ ជាជនជាតិថៃដែលបានមកដល់ពីបរទេស។ អ្នកជំងឺចុងក្រោយមានអាយុ ២៦ឆ្នាំ បានវិលត្រឡប់មកប្រទេសថៃវិញតាមច្រកទ្វារ Padang Besar នៃព្រំដែនប្រទេសម៉ាឡេស៊ី។ និស្សិតរូបនេះបានឡើងជិះរថយន្តក្រុងទៅកាន់ប៉ុស្តិត្រួតពិនិត្យកាលពីថ្ងៃចន្ទ ហើយត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកនៅខេត្ត Narathiwat។ គាត់បានធ្វើតេស្តអវិជ្ជមាននៅថ្ងៃនោះ ប៉ុន្តែបីថ្ងៃក្រោយមកគាត់មានអាការគ្រុនក្តៅ ក្អក និងដង្ហើមខ្លី។
រូបតំណាង
បន្ទាប់ពីការពិនិត្យម្តងទៀតលទ្ធផលក៏បានបង្ហាញថាគាត់បានឆ្លងមេរោគកូវីដ-១៩ ហើយគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត Narathiwat។ មន្ត្រីសុខាភិបាលនឹងធ្វើតេស្តទៅលើអ្នកដែលត្រឡប់មកពីបរទេស ៣៩នាក់ផ្សេងទៀតដែលបានជិះឡានក្រុងជាមួយអ្នកជំងឺពី Padang Besar មកប្រទេសថៃ។ បច្ចុប្បន្ននេះ ថៃមានអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ៥៩នាក់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post