លេងនៅ J. League បានជិត៣រដូវកាល តើខ្សែបម្រើឆ្នើមមកពីប្រទេសថៃ Chanathip Songkrasin យល់យ៉ាងណាដែរចំពោះសមត្ថភាពរបស់គេ? ឆ្លើយនឹងសំណួរនេះទៅកាន់អ្នកសារព័ត៌មានជប៉ុន Yoichi Igawa តារាឆ្នើមរហស្សនាម Messi ថៃ លើកឡើងថាសមត្ថភាពរបស់គេ មានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ អតីតកីឡាករ Muangthong United បញ្ជាក់ថា ៖«ខ្ញុំមានការអភិវឌ្ឍច្រើន ជាពិសេសក្រោមការដឹកនាំរបស់ Mischa (Mihailo Petrovic អ្នកចាត់ការក្រុម Sapporo) តួនាទីរបស់ខ្ញុំកាន់តែមានប្រសិទ្ធភាព ខ្ញុំបានរៀនពីរបៀបការពារ និងវិន័យ។ ចំណែកការស៊ុតរបស់ខ្ញុំ កាន់តែមានកម្លាំង ហើយច្បាស់។
សរុបមកស្តាយលេងរបស់ Mischa ត្រូវជាមួយការប្រយុទ្ធរបស់កីឡាករ និងចូលគ្នាយ៉ាងរលូន។ ខ្ញុំចូលចិត្តការលេងប្រយុទ្ធខ្លាំងបែបនេះ។ កីឡាករទាំងអស់ចូលចិត្តស្តាយនេះ ហើយវាផ្ដល់ភាពល្អមើលដល់អ្នកគាំទ្រ»។ គួរបញ្ជាក់ថា កីឡាករវ័យ២៦ឆ្នាំកម្ពស់ ១,៥៨ Chanathip Songkrasin បានចេញពីក្លឹប Muangthong United ទៅលេងឱ្យក្លឹបជប៉ុន Hokkaido Consadole Sapporo ក្នុងលក្ខខណ្ឌខ្ចីជើង នៅឆ្នាំ២០១៧។ រដូវកាល២០១៧ (ពាក់កណ្ដាលរដូវកាល) គេមិនអាចរកគ្រាប់បាល់បានទេ ប៉ុន្តែ Assist បាន១លើក រដូវកាលទី២ឆ្នាំ២០១៨ រកបាន៨គ្រាប់ ធ្វើបាន២ Assist និងរដូវកាលទី៣ឆ្នាំ២០១៩ គេរកបាន៤គ្រាប់ និង៦ Assist៕